គិតមកដល់យប់ថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២១ អ្នកឆ្លងនៅទូទាំងពិភពលោកបានកើនឡើងជាង១៨០លាននាក់ហើយ និងស្លាប់ជិត៤លាននាក់ ។ ប្រទេសជាច្រើនមានករណីឆ្លងកើនឡើងខ្ពស់ដោយសារតែវីរុសបម្លែងខ្លួនថ្មី។
ចំណែកប្រទេសនៅក្នុងតំបន់អាស៊ាន មានករណីឆ្លងកើនឡើងខ្ពស់ ក្នុងនោះមានឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ វៀតណាម ជាដើម។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ប្រទេសឥណ្ឌូនេស៊ីរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង «២០,០០០នាក់» ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា នៅថ្ងៃទី២៤ខែមិថុនា ឥណ្ឌូនេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន៣៥៥នាក់ទៀតផងដែរ។
ការកើនឡើងនូវករណីឆ្លង និងស្លាប់នេះត្រូវបានស្តីបន្ទោសទៅលើការធ្វើដំណើរក្នុងអំឡុងពេលវិស្សមកាល Eid al-Fitr កាលពីខែមុន ក៏ដូចជាការមកដល់នៃវីរុសបម្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាផងដែរ។ ករណីឆ្លងសរុប ២,០៥៣,៩៩៤ករណី ក្នុងនោះស្លាប់ ៥៥,៩៤៩នាក់ និងជាសះស្បើយ ១,៨២៦,៥០៤នាក់។
លំដាប់លេខ២គឺប្រទេសហ្វីលីពីន មានអ្នកឆ្លងថ្មីជាង៦ពាន់នាក់ និងស្លាប់ថ្មី១០៨នាក់ ក្នុងរយៈពេល២៤ម៉ោង ធ្វើឲ្យចំនួនអ្នកឆ្លងក្នុងប្រទេសនេះកើនឡើងដល់ជាង១,៣លាននាក់។
បន្ទាប់មកគឺប្រទេសម៉ាឡេស៊ី មានអ្នកឆ្លងថ្មីក្នុងពេល២៤ម៉ោងកន្លងមកមានជាង ៥,៨ពាន់នាក់ និងស្លាប់ ៨៤នាក់។ ចំណែកប្រទេសថៃវិញក៏មានកណីឆ្លងថ្មីជាង ៤ពាន់នាក់ផងដែរ ។ ប្រទេសវៀតណាម មានករណីឆ្លងថ្មី ១៦៩នាក់ និងស្លាប់ពីរនាក់ក្នុងមួយថ្ងៃ…។ ជាមួយគ្នានេះប្រទេសក្នុងតំបន់បានបង្កើនសកម្មភាពចាក់វ៉ាក់សាំង ដល់ពលរដ្ឋឲ្យបានលឿនបំផុតដែលអាចធ្វើទៅបានដើម្បីបើកទ្វារដំណើរការសេដ្ឋកិច្ចទេសចរណ៍ឡើងវិញ ៕ដោយ៖ ធីរីណា
រូបភាព៖TTXVN