ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យដែលអង្គភាព “កាសែតនគរវត្ត”ទទួលបាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ គឺព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក ស៊ិក ប៊ុនហុក និងតែងតាំង លោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួស លោក ស៊ិក ប៊ុនហុក។
សូមបញ្ជាក់ថា, ការចេញព្រះរាជក្រឹត្យនេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តទាំងស្រុងលើ លោក ប្រាជ្ញ ចន្ទ នៅក្នុងសម័យប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ។
លោក ប្រាជ្ញ ចន្ទ គឺជាបេក្ខជនមួយរូប ក្នុងចំណោម២រូប ដែលបានដាក់ពាក្យស្នើសុំធ្វើប្រធានគ.ជ.ប ទៅកាន់រដ្ឋសភា ហើយដែលត្រូវបានជ្រើសរើសដោយគណបក្សដឹកនាំរាជរដ្ឋាភិបាល គឺគណបក្សប្រជាជនកម្ពុជា ទៅតាម «ច្បាប់ ស្ដីពី ការរៀបចំ និងការ ប្រព្រឹត្ត ទៅ នៃគណៈកម្មាធិការជាតិ រៀប ចំការ បោះឆ្នោត»។
បន្ទាប់ពីទទួលបានការផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភាហើយនោះ លោក ប្រាជ្ញ ចន្ទ ក៏ត្រូវធ្វើស្បថចូលកាន់តំណែងផងដែរ។
លោកប្រាជ្ញ ចន្ទ ធ្លាប់ជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចន្លោះពីឆ្នាំ១៩៩១ដល់២០០១ ជាអភិបាលខេត្តបាត់ដំបងពីឆ្នាំ២០០១ ដល់២០១៣ ជាអភិបាលខេត្តត្បូងឃ្មុំពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ២០១៧ រហូតដល់ក្លាយជាប្រធានគ.ជ.ប។
សូមបញ្ជាក់ថា លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យលាលែងពីតំណែង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានបញ្ហាសុខភាព លោកស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគ.ជ.ប កាលពីឆ្នាំ២០១៥ ក្រោយពេលការជាប់គាំងផ្នែកនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ២០១៣។
សូមបញ្ជាក់ថា, ជាលទ្ធផលសម័យប្រជុំរដ្ឋសភា បានអនុម័តរបៀបវារៈទំាង៩ ដែលបានគ្រោងទុក រួមមាន៖
– របាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៦ ។
– ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនៃរដ្ឋសភា នីតិកាលទី៦ ចំនួនពីររូប ជំនួសសមាជិកដែលបានលាលែង៖ លោក ខឹម ច័ន្ទគីរី តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស លោក ង៉ោ សុវណ្ណ ដែលបានសុំលាលែង និងលោក ម៉ែន កួន តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ជំនួសលោក ប្រាជ្ញ ចន្ទ ដែលបានសុំលាលែង។
– បោះឆ្នោតទុកចិត្ត លោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
– បោះឆ្នោតជ្រើសតាំង លោកស្រី ពៅ សុភាព ជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា។
– អនុម័តជាឯកច្ឆន្ទ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនស្មេថេក ខូអិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ។
សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ឡាវ។
សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង។
សេចក្តីព្រាងច្បាប់ទាំងបួនខាងលើ ដែលរដ្ឋសភាបានអនុម័តនាពេលនេះ ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័សដែលមានតម្រូវការថាមអគ្គិសនីកើនឡើងជាលំដាប់។ ក្នុងខណៈដែលប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាព នយោបាយ បាននាំឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ និងបានលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើឡើងជាលំដាប់។
វិស័យថាមពល ជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ និងជំរុញការអភិវឌ្ឍ ទាំងប្រភពថាមពលនិងបណ្តាញបញ្ជូនអគ្គិសនី សំដៅធានាការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់ មាននិរន្តរភាព ស្ថិរភាព ប្រសិទ្ធភាពនិងមានតម្លៃសមរម្យ៕
ដោយ៖ សិលា