ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្ដពង្រឹងការអនុវត្តវិធានការក្រសួងសុខាភិបាល មិនអនុញ្ញាតឱ្យជួបជុំពពាក់ពពូនផឹកស៊ីនៅតាមទីសាធារណៈ

ចែករំលែក៖

       ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ពង្រឹងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយក្រៅពីមិនអនុញ្ញាតឱ្យបើកខារ៉ាអូខេ ក្លិបកម្សាន្ត ក្លិបហាត់ប្រាណជាដើមហើយនោះ ក៏មិនអនុញ្ញាតឱ្យមានការជួបជុំគ្នាពពាក់ពពូនផឹកស៊ីនៅតាមទីសាធារណៈដែរ។ អ្នកដែលប្រព្រឹត្តករណីនេះត្រូវតែឃាត់ខ្លួនដោយអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចយកទៅអប់រំនិងផ្សព្វផ្សាយព័ត៌មានជាសាធារណៈថែមទៀត។

  លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំបែបនេះនៅក្នុងកិច្ច ប្រជុំនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ  តាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ស្នងការប៉ូលិសនិងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។

   លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា៖ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែពង្រឹងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឱ្យម៉ឺងម៉ាត់បំផុត ដោយសារថា ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះនៅតែបន្តរីករាលដាលមិនឈប់ឈរនៅឡើយទេ។ អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំងប៉ូលិសនិងកងរាជអាវុធហត្ថត្រូវតែដាក់កម្លាំងល្បាតនៅក្នុងមូលដ្ឋានទាំងយប់ទាំងថ្ងៃ ដូចជានៅផ្លូវ៦០ម៉ែត្រឬនៅតំបន់លីយ៉ុងផាត់ជាដើម ។ អ្នកដែលប្រព្រឹត្តករណីនេះត្រូវតែឃាត់ខ្លួនដោយអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចយកមកអប់រំនិងផ្សព្វផ្សាយព័ត៌មានជាសាធារណៈ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងមិនបានហាមឃាត់ចំពោះការហូបចុកជាលក្ខណៈគ្រួសារនោះទេ។

 លោកបន្តទៀតថា ការបណ្តែតបណ្តោយឱ្យមានការលួចបើកខារ៉ាអូខេ ក្លិបកម្សាន្ត ម៉ាស្យា ក្លិបហាត់ប្រាណជាដើមនៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន ហើយស្រាប់តែទីតាំងទាំងនោះបានផ្ទុះឡើងនូវជំងឺកូវីដ-១៩  អភិបាលខណ្ឌត្រូវទទួលខុសត្រូវដោយខ្លួនឯងហើយ។

    អាជ្ញាធរខណ្ឌបានលើកឡើងថា ជំងឺកូវីដ-១៩នៅតែបន្តកើតមាននៅក្នុងមូលដ្ឋានរាល់ថ្ងៃ ហើយភាគច្រើនកើតនៅតាមការដ្ឋានសំណង់ សិប្បកម្ម កម្មករនិងបុគ្គលិកក្រុមហ៊ុនឯកជនដោយរាយប៉ាយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរខណ្ឌនឹងពង្រឹងការអនុវត្តវិធានការម៉ឺងម៉ាត់បំផុតទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីនិងថ្នាក់ជាតិដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះបន្តទៀត។

 ចំពោះការចាក់វ៉ាក់សាំងការពារកូវីដ-១៩ វិញ លោក ឃួង ស្រេង បានបញ្ជាក់ថា នៅភ្នំពេញប្រជាពលរដ្ឋមួយចំនួនតូច មិនទាន់មកទទួលការចាក់វ៉ាក់សាំងនៅឡើយទេ ដូច្នេះអាជ្ញាធរខណ្ឌទាំងអស់ត្រូវចុះស្រង់ស្ថិតិនិងស្វែងរកមូលហេតុឱ្យបានច្បាស់លាស់ ថាតើហេតុអ្វីមកដល់ម៉ោងនេះហើយពួកគាត់នៅមិនទាន់បានចាក់វ៉ាក់សាំង។ លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញនឹងបើកការចាក់វ៉ាក់សាំងនេះនៅតាមមណ្ឌលសុខភាពខណ្ឌទាំងអស់ ដោយផ្តើមអនុវត្តចាប់ពីថ្ងៃអាទិត្យទី២៧ ខែមិថុនានេះរហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។

    ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដែលមិនទាន់បានចាក់វ៉ាក់សាំង ចូររួសរាន់មកទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីឱ្យក្រុមគ្រូពេទ្យយើងបានបន្តទៅចាក់ឱ្យប្រជាពលរដ្ឋនៅតាមបណ្តាខេត្តផ្សេងៗទៀត៕

               

ដោយ ៖ សំរិត


ចែករំលែក៖