ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាក Nisan Frontier ពណ៌សមួយគ្រឿងថយក្រោយខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូដែលកំពុងជិះពីក្រោយបណ្ដាលឱ្យក្មេងស្រីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាក Nisan Frontier ពណ៌សមួយគ្រឿងបើកថយក្រោយខ្វះការប្រុងប្រយ័ត្នបុកម៉ូតូដែលកំពុងជិះពីក្រោយបណ្ដាលឱ្យក្មេងស្រីម្នាក់រងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥៥នាទីព្រឹក ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១ស្ថិតនៅត្រង់ចំណុចការដ្ឋានសាងសង់ផ្លូវថ្នល់លើផ្លូវខេត្តលេខ៣១៥ ក្រាលក្រួសក្រហម ក្នុងភូមិគ្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាក្មេងស្រីរងគ្រោះមានឈ្មោះពោជ សុធារ៉ា  អាយុ១២ឆ្នាំ មុខរបរសិស្ស រស់នៅភូមិគ្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា C១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១I-៦២១៧ខូចខាតយ៉ាងដំណំ។

ចំណែកភាគីបង្កហេតុមានឈ្មោះពោន ណុប អាយុ២៦ឆ្នាំ មុខរបរកសិករ នៅភូមិសំរោង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក Nisan Frontier ពណ៌ស ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខភ្នំពេញ២BH-៣៧៨៣ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង ពេលមកដល់កន្លែងកើតហេតុក៏បានឈប់រថយន្ត រួចក៏បានបើកថយក្រោយខ្វះការប្រុងប្រយ័ត្ត្នស្របពេលមានក្មេងស្រីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១I-៦២១៧ក្នុងទិសដៅស្របគ្នានោះក៏ត្រូវរថយន្តបុកពីក្រោយបណ្ដាលឱ្យក្មេងស្រីអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងនិងអូសយកវត្ថុតាងធ្វើដំណើរទាំង២គ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមុខដា ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖