ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានអង្គការសុខភាពពិភពលោក៖ «សូមផ្តល់វ៉ាក់សាំងមកឱ្យយើងខ្ញុំ»

ចែករំលែក៖

ប្រមុខដឹកនាំរបស់អង្គការសុខភាពពិភពលោក WHO បានរិះគន់យ៉ាងខ្លាំងដល់ការខ្វះតម្លាភាពក្នុងការចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ- ១៩ នៅលើពិភពលោក ។ ប្រទេសអ្នកមានសល់វ៉ាក់សាំងរាប់លានដូស ចំណែកប្រទេសក្រីក្ររកវ៉ាក់សាំងចាក់គ្មាន។
ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ២៥ ខែមិថុនា អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានលើកឡើងថា ប្រទេសក្រីក្រមិនទាន់មានវ៉ាក់សាំង ចំណែកប្រទេសអ្នកមានបានបើកទ្វារឡើងវិញ ហើយបានចាក់វ៉ាក់សាំងដល់ក្រុមយុវជនដែលមានការឆ្លងទាប។
ចំណែកនៅក្នុងទ្វីបអាហ្វ្រិក លោក Tedros Adhanom Ghebreyesusបានបញ្ជាក់ថា វីរុសបំប្លែងថ្មីដែលរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា បានរកឃើញនៅក្នុងប្រទេសទ្វីបអាហ្វ្រិក ដែលមានល្បឿនឆ្លងខ្ពស់ និងគ្រោះថ្នាក់។
មិនត្រឹមតែប៉ុណ្ណោះលោក Tedros Adhanom Ghebreyesus បានថ្កោលទោសប្រទេសមួយចំនួន ដែលស្ទាក់ស្ទើរនៅក្នុងការចែកចាយវ៉ាក់សាំងដែលខ្លួនមានច្រើនលើសលប់ ។
មកទល់ពេលនេះ COVAX បានចែកចាយវ៉ាក់សាំងបានជាង ៩០លានដូសហើយដល់ ១៣២ប្រទេសជុំវិញពិភពលោក ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២១មក។ ការចែកចាយវ៉ាក់សាំងជួបផលលំបាកនិងខ្វះខាតវ៉ាក់សាំងជាច្រើន ក្រោយឥណ្ឌាផ្អាកការនាំចេញវ៉ាក់សាំងដើម្បីទុកចាក់ជូនពលរដ្ឋរបស់ខ្លួន ក្រោយមានករណីឆ្លងកូវីដ កើនឡើងច្រើន ៕ដោយ៖ធីរីណា

លោក Tedros Adhanom Ghebreyesus បានជំរុញឱ្យប្រទេសដែលមានប្រាក់ចំណូលខ្ពស់ចែករំលែកវ៉ាក់សាំង Covid-19 ។ រូបភាព៖(AFP+TTXVN )


ចែករំលែក៖