បណ្តាញទូរទស្សន៍ជាតិអុីរ៉ង់នៅថ្ងៃទី២៥ខែមិថុនា បានផ្សាយថា មេដឹកនាំសាសនាជាន់ខ្ពស់អុីរ៉ង់លោក Ayatollah Ali Khamenei បានចាក់វ៉ាក់សាំងផលិតនៅក្នុងស្រុកជាលើកដំបូង ។ លោកក៏បានប្រកាសថានឹងមិននាំចូលវ៉ាក់សាំងពីប្រទេសអង់គ្លេស និងអាមេរិកនោះឡើយ។
មេដឹកនាំសាសនា Ayatollah Ali Khamenei ដែលជាបុគ្គលមានឥទ្ធិពលបំផុតនៅក្នុងប្រទេសអុីរ៉ង់បានលើកឡើងថា លោកមិនចាប់អារម្មណ៍ទៅលើវ៉ាក់សាំងផលិតនៅក្រៅស្រុកឡើយ។ អ្វីដែលល្អបំផុតគឺរង់ចាំវ៉ាក់សាំងផលិតនៅក្នុងស្រុក ។ កាលពីខែមករាកន្លងមក មេដឹកនាំសាសនា លោក Ayatollah Ali Khamenei បានហាមប្រាមទិញវ៉ាក់សាំងពីអាមេរិក និងអង់គ្លេស ។ទាំងនោះជាការបង្ហាញពីការមិនទុកចិត្តទៅលើបណ្តាប្រទេសលោកខាងលិច ។
ក្រុមហ៊ុនឱសថអុីរ៉ង់ បានចាប់ដៃផលិតវ៉ាក់សាំង CovIran Barekat ដែលបានអនុម័តឲ្យប្រើប្រាស់បន្ទាន់នៅក្នុងប្រទេសអុីរ៉ង់ ខណៈប្រទេសនេះស្ថិតនៅក្នុងចំណុចក្តៅនៃការឆ្លងកូវីដ-១៩ នៅតំបន់មជ្ឈិមបូព៌ា។
អុីរ៉ង់មិនទាន់ប្រកាសកម្រិតប្រសិទ្ធភាពនៃវ៉ាក់សាំងផលិតនៅក្នុងស្រុកនៅឡើយទេ ប៉ុន្តែក្រោយការចាក់ធ្វើតេស្តគឺមានប្រសិទ្ធភាពជាង៨០%ក្នុងការទប់ស្កាត់វីរុសកូវីដ-១៩ ។ ក្រៅពីសហការជាមួយប្រទេសគុយបា ក្នុងការស្រាវជ្រាវនិងផលិតវ៉ាក់សាំង អុីរ៉ង់ក៏បានសហការជាមួយកម្មវិធី COVAXដែរ ។ តាមច្បាប់របស់COVAX អុីរ៉ង់អាចទិញវ៉ាក់សាំងបានចំនួនពាក់កណ្តាល ក្នុងចំណោមពលរដ្ឋ ៨២លាននាក់ក្នុងប្រទេសនេះ៕
ដោយ៖ធីរីណា(រូបភាព៖Reuters +TTXVN )