ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន០៧នាក់ ស្រី០១នាក់ក្នុងនោះ ក្នុងក្រុងព្រះវិហារចំនួន០៥នាក់ និងនៅស្រុកគូលែនចំនួន០២នាក់

ចែករំលែក៖

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងខេត្តព្រះវិហារឲ្យបានជ្រាបថា៖ យោងតាមលទ្ធផលនៃការធ្វើតេស្តរហ័ស(Rapid Test) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ០៧នាក់ ដែលមានឈ្មោះដូចខាងក្រោមតាមតារាងសេចក្តីជូនដំណឹង ៖

– អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ ត្រូវបានរកឃើញនៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ គឺជា មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត ដែលប្រចាំការនៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ស្ថិតក្នុងភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

-អ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ០៥នាក់ ត្រូវបានរកឃើញនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ក្នុងនោះ អ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ០៣នាក់ គឺជាអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ឈ្មោះ សុង វុទ្វ និងឈ្មោះ ម៉ន ដារ៉ា និងអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ០២នាក់ទៀត គឺជាអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានឈ្មោះ ហេង សៀងហាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ហើយត្រូវបានក្រុមគ្រូពេទ្យដាក់ឲ្យ ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត១ស្រុកគូលែន។

បច្ចុប្បន្ន ក្រុមគ្រូពេទ្យកំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ និងទីតាំងពាក់ព័ន្ធផ្សេងទៀតក្នុងករណីនេះ ព្រមទាំងបានបញ្ជូនអ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំង ០៧នាក់ខាងលើ ទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺ កូវីដ-១៩ កម្រិតស្រាល (វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ) ខេត្តព្រះវិហារ។

គិតមកដល់ថ្ងៃនេះ ខេត្តព្រះវិហារបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៦៩នាក់/ស្រីចំនួន ២៤នាក់ និងកុមារីចំនួន ០៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន ៣៥នាក់/ស្រីចំនួន ១៣នាក់ និងកុមារីចំនួន ០៦នាក់ (អ្នកជាសះស្បើយក្នុងថ្ងៃនេះចំនួន ១៣នាក់/ស្រីចំនួន ០៤នាក់ និងកុមារីចំនួន ០៣នាក់)។ រីឯអ្នកជំងឺកូវីដ-១៩ចំនួន ៣៤នាក់/ស្រីចំនួន ១១នាក់ និងកុមារីចំនួន ០៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា និងមណ្ឌល ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល (វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ) ខេត្តព្រះវិហារ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តព្រះវិហារ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកប៉ះពាល់ដោយ ផ្ទាល់ និងដោយប្រយោលទាំងអស់ ត្រូវទៅយកសំណាកនៅគ្រប់មណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យក្នុងខេត្តព្រះវិហារ។ ករណីមានរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិត កន្លែងបងប្អូនរស់នៅ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៩៨៥ ៦៨៩/០៨៨ ៥៩៦ ៤៤៩៦។

រដ្ឋបាលខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្តីប្រកាសព័ត៌មាន នេះឲ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្ន អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ តាម ការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖