ព័ត៌មានទាន់ហេតុការណ៍៖

ដាក់ជណ្តើរដែកឡើងតខ្សែភ្លើងជាន់រលាត់ខ្សែភ្លើងឆ្លងចរន្តឆក់ស្លាប់ម្នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ មានករណីខ្សែភ្លើងឆក់ស្លាប់មនុស្សម្នាក់យ៉ាងអាណោចអាធ័ម ខណ:ដាក់ជណ្តើរឡើងតខ្សែភ្លើងហើយជណ្តើរដែកប៉ះនឹងតំណខ្សែភ្លើងបណ្តាលឲ្យរលាត់ឆ្លងចរន្តឆក់តែម្តង។

ឧបទ្ទវហេតុនេះកើតឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ឆន ឆាយ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិត្បែងខាងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

តាមការបំភ្លឺរបស់សាក្សីឈ្មោះ អ៊ុត វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំជាមេជាង និង ឈ្មោះ ប៉ិះ សំណាង ភេទប្រុស អាយុ៣៥ឆ្នាំជាកម្មករ បានឲ្យដឹងថា ពួកគាត់និងជនរងគ្រោះឈ្មោះ ឆន ឆាយ ភេទប្រុស អាយុ៣៩ឆ្នាំជាកម្មករ រស់នៅភូមិត្បែងខាងកេីត ឃុំត្បែងស្រុកបន្ទាយស្រី បានទៅធ្វើការដាក់ពិដានផ្ទះ និង រៀបតខ្សែភ្លើង ឲ្យឈ្មោះកែ សូត្រ ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ពេលនោះជនរងគ្រោះនិងឈ្មោះប៉ិះ សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ ជាកម្មករ ដូចគ្នា បានលើកជណ្ដើរដែកយកទៅដាក់ដើម្បីឡើងទៅរៀបហ្គែនខ្សែភ្លើងនៅលើពិដាន។ ចៃដន្យពួកគេបានដាក់ជណ្ដើរដែកសង្កត់លើខ្សែភ្លើងដោយពួកគេពុំបានដឹងឡើយ។ បន្ទាប់មកជនរងគ្រោះក៏បាន ឡើងតាមជណ្តើរនោះទៅលើដោយពុំបានពាក់ស្បែកជើងទេ ជាហេតុធ្វើឲ្យពេលកំពុងឡើងជើងរបស់គេទាំងពីរបាន ជាន់លើជណ្តើរដៃខាងឆ្វេងដើម្បីចាប់ដែកពិដាន គឺជាន់ជណ្តើរសង្កត់លើខ្សែភ្លើងគាបទៅនឹង ការ៉ូចេញលួសប៉ះជណ្តើរបណ្ដាលឲ្យឆ្លងចរន្តឆក់ជនរងគ្រោះស្លាប់ទាំងដៃកាន់ជាប់និងពិដាន។ ភ្លាមនោះឈ្មោះ ប៉ិះ សំណាង និង ឈ្មោះអ៊ុត វុទ្ធី ជាមេជាង បានចាប់ទាញកន្ត្រាក់របូតដៃជនរងគ្រោះចេញពីដែកពិដានហើយសែងយកទៅដាក់លើដីខាងក្រៅផ្ទះដើម្បីសង្រ្គោះបឋម តែមិនអាចជួយបានឡើយ។

ក្រោយមកសមត្ថកិច្ចជំនាញចុះទៅធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ប្រាកដមែន មិនមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ ទើបប្រគល់សពជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕


ដោយ ៖ ប្រាថ្នា


ចែករំលែក៖