ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់បាល់ឡុងហោះនៅអាមេរិក ស្លាប់៥នាក់

ចែករំលែក៖

មន្ត្រីក្នុងតំបន់បានឱ្យដឹងថា មានមនុស្ស៥នាក់ស្លាប់ ក្នុងនោះមានបុរស៣នាក់ស្ត្រី២នាក់នៅក្នុងហេតុការណ៍គ្រោះថ្នាក់បាល់ឡុងហោះនៅតំបន់ Albuquerque រដ្ឋ New Mexico សហរដ្ឋអាមេរិក។
មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅព្រឹកថ្ងៃទី ២៦ខែមិថុនា(ពេលវេលានៅអាមេរិក) ក្រោយពីបាល់ឡុងហោះ ទាក់ខ្សែភ្លើងបណ្តាលឲ្យកន្ត្រកដឹកមនុស្សធ្លាក់ចុះក្រោមពីកម្ពស់ ៣០,៥ម៉ែត្រ ធ្លាក់ចំរបាំងទ្រូងផ្លូវ បណ្តាលឲ្យឆាបឆេះ។ អ្នកបញ្ជាបាល់ឡុងក៏បានស្លាប់ផងដែរ។
នៅលើបណ្តាញសង្គម Twitter កម្លាំងបូលិសរដ្ឋ ញូវ ម៉ិចសីុកូ លោក Gallegos បានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ខាងលើបណ្តាលឲ្យដាច់ភ្លើងក្នុងតំបន់ Albuquerque ប៉ះពាល់ដល់ពលរដ្ឋ ១៣ពាន់គ្រួសារ។
នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ខាងលើកើតឡើងនៅឡើយទេ។ នាយកសុវត្ថិភាពដែនអាកាសអាមេរិក FAA បានបើកការស្រាវជ្រាវពីមូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ខាងលើកើតឡើង។
តំបន់ Albuquerque គឺជាមជ្ឈមណ្ឌលបាល់ឡុងហោះដ៏ធំបំផុតនៅអាមេរិក ។ ជារៀងរាល់ខែតុលាទីក្រុង Albuquerque តែងតែប្រារព្ធពិធីបង្ហោះបាល់ឡុង រយៈពេល៩ថ្ងៃ ទាក់ទាញមនុស្សរាប់សិបពាន់នាក់ចូលរួម ហើយក៏ជាព្រឹត្តិការណ៍ថតរូបច្រើនបំផុតលើពិភពលោកផងដែរ៕ដោយ៖ ធីរីណា


ចែករំលែក៖