ព័ត៌មានទាន់ហេតុការណ៍៖

Apple បានចេញការណែនាំថ្មីទាក់ទងទៅនឹងហានិភ័យក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាដែលមានដែកឆក់

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ក្រោយពីសមាគមផ្នែកបេះដូងរបស់សហរដ្ឋអាមេរិក (American Heart Association) បានផ្សព្វផ្សាយ ពីហានិភ័យដែលអាចធ្វើឱ្យឧបករណ៍រំញោច ឬជំនួយបេះដូងមានដូចជា Pacemaker និង Defibrillator ឈប់ដំណើរការនៅពេលដែលពួកគេបានដាក់ទូរស័ព្ទ iPhone 12 នៅជិតឧបករណ៍ទាំងនោះមក ក្រុមហ៊ុន Apple ក៏បានចេញការណែនាំថ្មីទាក់ទងនឹងបញ្ហានេះផងដែរ។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា, ជាមួយនឹងការណែនាំថ្មីនេះ ក្រុមហ៊ុនក៏បានបន្ថែមនូវឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀតរបស់ក្រុមហ៊ុន ដែលអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់ឧបករណ៍ជំនួយបេះដូងមានដូចជា កាស់ AirPods, នាឡិកាវៃឆ្លាត, iPad, iPhone និង MagSafe ជាដើម។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ក្រុមហ៊ុន Apple បានណែនាំឱ្យអ្នកប្រើប្រាស់ដាក់ទូរស័ព្ទ ឬឧបករណ៍ MagSafe ឱ្យបានចម្ងាយយ៉ាងតិច ១៥សង់ទីម៉ែត្រនៅពេលប្រើប្រាស់ ឬ ៣០សង់ទីម៉ែត្រនៅពេលដែលលោកអ្នកកំពុងតែបញ្ចូលថ្ម ពីឧបករណ៍រំញោចបេះដូង៕

ដោយ ៖ សិលា


ចែករំលែក៖