ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស( ឆក់ទូរស័ព្ទដៃរបស់ជនបរទេស០១គ្រឿង)

ចែករំលែក៖

 

    ភ្នំពេញ៖ អង្គភាពស្នងការដ្ឋាននគរបាលរាជធានី បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៨:០៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃរបស់ជនបរទេស០១គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ០២ ផ្លូវលេខ៦០៦ ក្រុមទី៥៣ ភូមិ១២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សៅ ថា ហៅ ថា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដតាមសំយាបមុខផ្ទះរបស់គេ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

វត្ថុតាងចាប់យកមានដែកសំប៉ែតកែច្នៃសម្រាប់កាច់បំបែកគ្រាប់សោម៉ូតូចំនួន០១ និងសោទីបលេខ៨ចំនួន០១ (ចាប់យកពីជនសង្ស័យឈ្មោះ សៅ ថា ) ។

ចំណែកជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ជាជនជាតិបរទេស ភេទប្រុស អាយុប្រហែល៣៨ឆ្នាំ (ប៉ែកខាងអឺរ៉ុប) (ក្រោយពេលកើតហេតុបានយកទូរស័ព្ទដៃពីជនសង្ស័យទៅវិញ រួចចាកចេញទៅបាត់មិនបានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចយើងទេ)។

ដំណើររឿងហេតុ​ : នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៨:០៥នាទី  ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ជាជនជាតិបរទេស ភេទប្រុស អាយុប្រហែល៣៨ឆ្នាំ (ប៉ែកខាងអឺរ៉ុប) បានឈរកាន់ទូរស័ព្ទដៃ០១គ្រឿងមិនចាំម៉ាកនិយាយនៅមុខផ្ទះលេខ០២ ផ្លូវលេខ៦០៦ ក្រុមទី៥៣ ភូមិ១២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ សៅ ថា ហៅ ថា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ និងជនសង្ស័យឈ្មោះ អាលី ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៌ខ្មៅមិនចាំស្លាកលេខ ដោយជនសង្ស័យឈ្មោះ អាលី ជាអ្នកបើកម៉ូតូ ចំណែកជនសង្ស័យឈ្មោះ សៅ ថា ហៅ ថា ជាអ្នកជិះពីខាងក្រោយ។ ដោយឃើញឱកាសល្អ ពេលនោះជនសង្ស័យឈ្មោះ សៅ ថា ក៏បានចុះពីលើម៉ូតូរួចដើរទៅធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច  ហើយពេលនោះជនរងគ្រោះក៏បានស្រែកថាចោរៗ ស្រាប់តែមានអ្នកដំណើរម្នាក់ឈ្មោះ រឿន ខេមរ: ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ បានឃើញសកម្មភាពឆក់ជាក់ស្ដែង ក៏បានជិះម៉ូតូដេញតាមពីក្រោយស្រែកថាចោរៗ ពេលនោះជនសង្ស័យឈ្មោះ សៅ ថា ក៏បានបោះទូរស័ព្ទទៅឲ្យជនរងគ្រោះជាជនបរទេសវិញ រួចហើយរត់គេចខ្លួន ភ្លាមនោះក៏ត្រូវបានអ្នកដំណើរឈ្មោះ រឿន ខេមរ: បានជិះម៉ូតូដេញតាមចាប់ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ សៅ ថា បានម្នាក់ ចំណែកជនសង្ស័យឈ្មោះ អាលី ជាបក្សពួកបើកម៉ូតូបានជិះម៉ូតូគេចខ្លួនបាត់ទៅ ។ 

រីឯជនរងគ្រោះជាជនបរទេសបានយកទូរស័ព្ទដៃរបស់ខ្លួនទៅវិញ រួចចាកចេញទៅបាត់ដោយមិនបានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចយើងទេ។ ចំណែកជនសង្ស័យឈ្មោះ សៅ ថា ក៏ត្រូវបានកម្លាំងសមត្ថកិច្ចយើងបានបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់ តែម្ដង ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងបញ្ជូនសំណុំរឿងទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់​ ៕

                               

ដោយ ៖ សិលា


ចែករំលែក៖