ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ហ៊ុន​ ម៉ានី​៖​ ថ្ងៃស្អែកនេះ ជាខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ ​ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ​ បានថ្លែង​ថា៖ ថ្ងៃស្អែកនេះ ជាខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ដែលជាជាគណបក្សតែមួយគត់ ដែលមានភាព ចាស់ទុំជាងគេ ទាំងសមត្ថភាព និងបទពិសោធន៍ ជាគណបក្សតែមួយគត់ដែលបានរួមសុខរួមទុក្ខជាមួយប្រជាជន ដោយឥតរួញរា និងមិនធ្លាប់ទៅចោលប្រជាជនម្តងណាឡើយ។ នេះបេី​យោង​តាមការលើកឡើងរបស់​លោក​ ហ៊ុន​ ម៉ានី​ បានសរសេរ​បង្ហោះជាផ្លូវការនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ​២០២១។លោក​ ហ៊ុន​ ម៉ានី​ បានថ្លែងថា​ ឆ្លងកាត់ប្រវត្តិសាស្រ្ត៧០មកនេះ គណបក្សប្រជាជនកម្ពុជាមានតួនាទី និងទំនួលខុសត្រូវខ្ពស់ណាស់លើជោគវាសនា និងអនាគតកម្ពុជា ទាំងក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី និងអាយុជីវិតប្រជាជន ក៏ដូចជាការដឹកនាំ ស្តារ អភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ដូចមកដល់សព្វថ្ងៃ។

គណបក្សប្រជាជនកម្ពុជា គឺជាស្មារតីតំណាង មនសិកាស្នេហាជាតិ សាមគ្គីភាព ការតស៊ូឥតងាករេ និងការលះបង់របស់យុទ្ធជនខ្មែរដ៏អង់អាចក្លាហាន ដើម្បីស្វែងរកសុខសន្តិភាព ស្ថេរភាពនយោបាយ ភាពរីកចម្រើន និងសុខុដុមនីកម្មនៃសង្គមជាតិ។ ដោយសារកត្តានៃសុខសន្តិភាព កម្ពុជាបានកសាងសង្គមជាតិមួយ ដែលមានឯករាជ្យ អធិបតេយ្យភាព ប្រជាធិបតេយ្យ សុខសន្តិភាព សុខុដុមរមនា និងសេរីភាពពេញលេញជូនប្រជាពលរដ្ឋ។ ជាងនេះទៅទៀត កត្តានៃសុខសន្តិភាពបានបង្កើតជាបរិយាកាសមួយក្នុងនាំទាក់ទាញនូវការវិនិយោគពីបរទេសមកកាន់កម្ពុជា ដែលជំរុញបាននូវកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ ហើយបានធ្វើឲ្យមានភាពល្អប្រសើរនៃជីវភាពរស់នៅប្រជាពលរដ្ឋពីមួយថ្ងៃ ទៅមួយថ្ងៃ។

“យើងរំឮកអ្វីដែលយើងបានខិតខំប្រឹងប្រែង តែយើង(កម្ពុជា)មិនមានពេលវេលាច្រើនដើម្បីអបអរសាទរនោះទេ។ ផ្ទុយទៅវិញគឺយើងត្រូវយកពេលវេលានេះ ដាក់មាគ៌ាអភិវឌ្ឍប្រទេសជាតិ ដើម្បីផលប្រយោជន៍ប្រជាជនជាបន្តទៀត”៕

ជយោ! #គណបក្សប្រជាជនកម្ពុជា


ចែករំលែក៖