ព័ត៌មានទាន់ហេតុការណ៍៖

នៅខេត្តសៀមរាប បានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ21A/B-1-617.2 (Delta) លើមនុស្សចំនួន ០៤នាក់ហើយ ដែលសុទ្ធសឹងជាពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ !

ចែករំលែក៖

 

ខេត្តសៀមរាប៖ បើយោងតាមប្រភពពីមន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់អោយដឹងថា, គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាប បានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ21A/B-1-617.2 (Delta) លើមនុស្សចំនួន ០៤នាក់ហើយ ដែលសុទ្ធសឹងជាពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ ក្នុងនោះ ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ចំនួន ០២នាក់ និង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ចំនួន ០២នាក់ ។

គួររំលឹកថា វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ 21A/B-1-617.2 (Delta) នេះ ជាប្រភេទវីរុសដែលវាមានសមត្ថភាពចម្លងលឿនរហ័ស និង កាចសាហាវជាងមុន ធ្វើឲ្យអ្នកជំងឺស្លាប់លឿន ប្រសិនបើអ្នកជំងឺនោះ កើតរោគសញ្ញាសួតធ្ងន់ធ្ងរ ហើយពេទ្យជួយមិនបានទាន់ពេលវេលា ។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

  រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕

ដោយ ៖ សិលា


ចែករំលែក៖