ខេត្តកំពង់ឆ្នាំង៖ ក្រុមគ្រូពេទ្យផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កន្លងមកបានធ្វើការវះកាត់ទៅលើអ្នកជំងឺដែលមានវិជ្ជមានកូវីដ-១៩ បានជោគជ័យជាច្រើននាក់។ដោយឡែកនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា. ក្រុមគ្រូពេទ្យជំនាញការវះកាត់របស់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានធ្វើការវះកាត់ទៅលើលោកតាម្នាក់ទៀតអាយុ៨៣ឆ្នាំ ដែលបានចូលមកព្យាបាលនៅមន្ទីពេទ្យខេត្តកំពង់ឆ្នាំង ដោយសារគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបែកឆ្អឹងជើងធ្ងន់ធ្ងរ និងតម្រូវឲ្យកាត់ជើងជាចាំបាច់ ដើម្បីសង្គ្រោះជីវិតជនរងគ្រោះ។
ប្រភពពីក្រុមគ្រូពេទ្យបានបញ្ជាក់ឲ្យដឹងទៀតថា មុននឹងធ្វើការវះកាត់ ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័សទៅលើលោកតាជាអ្នកជំងឺ និងបានរកឃើញលទ្ធផលវិជ្ជមានកូវីដ-១៩ផងដែរ។
តែដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ ក្រុមគ្រូពេទ្យផ្នែកវះកាត់បានសម្រេចធ្វើការវះកាត់ភ្លាមៗ ដោយបានរៀបចំធ្វើការវះកាត់នៅបន្ទប់វះកាត់ជំងឺឆ្លង នៅវេលាម៉ោង ១៧៖៣០នាទី ដោយបានប្រើឈាមអស់២ប្លោក ហើយបានបញ្ចប់ការវះកាត់នៅវេលាម៉ោង១៨៖៣០នាទីថ្ងៃខែឆ្នាំដដែល។
ជាមួយគ្នានោះដែរ ក្រុមគ្រូពេទ្យក៏បានរំលឹកផងដែរថា កាលពីថ្ងៃព្រហស្បតិ៍មុននេះ ក្រុមគ្រូពេទ្យផ្នែកសម្ភពរោគស្ត្រី ក៏បានធ្វើការសម្រាលកូនដែលស្លាប់នៅក្នុងស្បូនទៅលើស្ត្រីមានផ្ទៃពោះ២៣សប្តាហ៍ បានដោយជោគជ័យផងដែរ៕
ដោយ ៖ ចន្ថា