ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២១នេះ លោក ជួន វណ្ណៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទម្នាក់ដាក់ពន្ធនាគារខេត្តកណ្ដាលពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ។
ជនត្រូវចោទរូបនេះមានឈ្មោះ ប៉ិច សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាឪពុកចុងកុមារីរងគ្រោះ) ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៤១០ដកឃខ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ចុះហត្ថលេខាដោយលោក ជួន វណ្ណៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ដែលប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី នៅចំណុចក្នុងចម្ការស្វាយរបស់ឈ្មោះ គើក គន ស្ថិតក្នុងភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
សូមបញ្ជាក់ថា កន្លងមកកាលពីឆ្នាំ២០១៤ ជនសង្ស័យបានសែនព្រេនជាមួយម្ដាយរបស់កុមារីរងគ្រោះដែលជាស្រ្ដីមេម៉ាយកូនមួយ ។
តាមចម្លើយរបស់កុមារីរងគ្រោះបានបញ្ជក់ថា ជនសង្ស័យបានចាប់រំលោភលើខ្លួនជាច្រើនដងមកហើយ ចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ តែខ្លួនមិនហ៊ានយករឿងនេះនិយាយប្រាប់គេទេ ដោយជនសង្ស័យបានគំរាមកំហែងថា
«ប្រសិនបើគេដឹងរឿងនេះ អញនឹងវ៉ៃឱ្យងាប់ឬអារកសម្លាប់ចោល» ។ រហូតមកដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភលើកុមារីរងគ្រោះម្ដងទៀត ហើយប្រើពាក្យគំរាមកំហែងដូចមុនដដែល ។
លុះនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៨និង០០នាទី ជនរងគ្រោះបានរត់ទៅផ្ទះរបស់អ្នកជិតខាងឱ្យជួយ ព្រោះឪពុកខ្លួនបានដេញវ៉ៃរឿងដែលខ្លួនមិនបានមើលប្អូនឱ្យបានល្អ បណ្ដាលឱ្យឆ្កែខាំប្អូន ។ ខណៈពេលកុមាររងគ្រោះគេចទៅនៅផ្ទះរបស់អ្នកជិតខាងនោះ ក៏បានយករឿងរ៉ាវដែលឪពុកចុងចាប់រំលោភខ្លួននិយាយប្រាប់ពួកគាត់ ទើបអ្នកជិតខាងបានរាយការណ៍ប្ដឹងទៅនគរបាលឱ្យជួយធ្វើអន្តរាគមន៍ ។
ក្រោយពីទទួលបានពាក្យបណ្ដឹងខាងលើភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានចុះទៅដល់ផ្ទះរបស់ជនសង្ស័យហើយបាននាំខ្លួនជនសង្ស័យមកធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាធ្លាប់រំលោភកុមារីរងគ្រោះប្រាកដមែន ដោយធ្លាប់រំលោភបានចំនួន២លើក គឺលើកទី១ នៅអំឡុងដើមឆ្នាំ២០២០ តែមិនចាំថ្ងៃខែនោះទេ ហើយបានប្រហែលបីថ្ងៃក្រោយមកទើបរំលោភជាលើកទី២ម្ដងទៀត៕
ដោយ៖ ស្អាងជ័យ