ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី ៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២១ )

ចែករំលែក៖

ភ្នំពេញ៖ សាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី ៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។

បងប្អូនជនរួមជាតិ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជាទីគោរពស្នេហា! ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ នេះ ជាថ្ងៃគម្រប់ខួបទី ៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ ដោយមានប្រភពពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជន កម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ក្នុងនាមជាគណបក្សរបស់ប្រជាជន អាស្រ័យ ដោយប្រជាជន និងដើម្បីប្រជាជន គណបក្សបានប្រកាន់ខ្ជាប់គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅ ខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើ ពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាពសង្គម ។ គណបក្សបានដឹកនាំប្រជាជនធ្វើការតស៊ូប្រយុទ្ធយ៉ាងអង់អាចដើម្បីរំដោះប្រទេសជាតិពី ការឈ្លានពានត្រួតត្រារបស់ពួកបរទេស និងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ ឱ្យមានជីវិតរស់ឡើងវិញទាន់ពេលវេលា ដែលបានបញ្ចប់ទាំងស្រុងសម័យកាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងទំព័រប្រវត្តិសាស្ត្រថ្មីនៃការកសាងទឹកដីឡើងវិញរបស់ប្រជាជនយើងលើមាគ៌ាសន្តិភាព បង្រួប បង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។

រយៈពេល ៤២ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានទទួលជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសសម្រេចបានសមិទ្ធផល ដ៏ធំធេងក្នុងបុព្វហេតុនៃការការពារការរស់ឡើងវិញរបស់ប្រជាជន រាំងស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍, ការស្ដារ និងកសាងប្រទេសឡើងវិញពីចំណុចសូន្យ និងពីបាតដៃទទេ ឱ្យមាន ស្ថិរភាពជាជំហានៗ បង្កើតបានបុព្វបទ និងលក្ខណសម្បត្តិជាមូលដ្ឋានសម្រាប់ការបង្រួបបង្រួមជាតិ, ការ បង្កើតរដ្ឋធម្មនុញ្ញថ្មី និងព្រះរាជាណាចក្រកម្ពុជាទីពីរនាឆ្នាំ១៩៩៣, ការបង្កើតសន្តិភាពពេញលេញ្ជូនជាតិ ចាប់ពីចុងឆ្នាំ១៩៩៨ មក តាមរយៈនយោបាយឈ្នះ ឈ្នះ, ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព របស់ពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង ហើយកំពុងរួម រស់ជាមួយគ្នាយ៉ាងសុខដុមរមនា។

ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាក្នុងគ្រប់ការបោះឆ្នោតកន្លងមកតាមគោលការណ៍លទ្ធិ ប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ គឺជាសាក្ខីភាពបញ្ជាក់ច្បាស់ថា ប្រជាជនមានជំនឿទុកចិត្តយ៉ាងមុតមាំលើគណបក្សក្នុងការដឹកនាំប្រទេសតាមមាគ៌ាមួយដ៏ត្រឹមត្រូវដែលនាំ មកសន្តិភាព ស្ថិរភាព ការរីកចម្រើន និងសុភមង្គលរបស់ប្រជាជន។ ក្នុងនាមគណៈកម្មាធិការកណ្តាលនៃ គណបក្សប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនជនរួមជាតិនៅគ្រប់ទិសទី ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានឃើញច្បាស់សច្ចធម៌នៃការដឹកនាំរបស់គណបក្ស ហើយផ្តល់ យុត្តិធម៌ និងការគាំទ្រឥតរង្គោះរង្គើរដល់គណបក្សនៅគ្រប់កាលៈទេសៈ ធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់ គ្រាន់ក្នុងការបម្រើជាតិ និងប្រជាជន។ ឆ្លើយតបទៅនឹងការជឿទុកចិត្តនេះ គណបក្សនឹងបន្តពុះពារធ្វើអ្វីៗ គ្រប់យ៉ាងដើម្បីការពារឯករាជ្យ និងអធិបតេយ្យជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ពង្រឹងលទ្ធិប្រជាធិបតេយ្យឱ្យចាក់ឫសយ៉ាងរឹងមាំ លើកកម្ពស់សុខដុមនីយកម្មសង្គម និងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនឱ្យបានកាន់តែសម្បូរសប្បាយឡើង ។

បងប្អូនជនរួមជាតិ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជាទីគោរពស្នេហា! ទោះបីនៅពេលនេះពុំមានការជួបជុំធំដើម្បីរំឭកខួបលើក ទី៧០ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ដោយសារតែប្រទេសកំពុងប្រឈមនឹងការឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ ក្តី ក៏ស្មារតីចងចាំ គុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់បុព្វការីជន យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ នៅតែស្ថិតក្នុងដួង ចិត្តរបស់យើងជានិច្ច។ យើងជាខ្មែរទាំងអស់គ្នាប្តេជ្ញាប្រែក្លាយស្មារតីនេះឱ្យទៅជាសកម្មភាពដ៏ខ្លាំងក្លា ស្រុះដៃ គា្នដោយឆន្ទៈតែមួយ ដើម្បីបន្តកសាង និងការពារមាតុភូមិយើង ឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់។

នៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិនៅទូទាំងប្រទេស សូមអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល របស់ក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ឱ្យបានម៉ត់ចត់ អំពីវិធានការនានា ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ដោយចូលរួមចាក់វ៉ាក់សាំងការពារជំងឺនេះ និងបន្តអនុវត្តវិធានការ -៣កុំ ៣ការពារ” ដើម្បីឱ្យយើងអាចឆ្លងផុតកាលៈទេសៈដ៏លំបាកនេះបានឆាប់ ឈានទៅរកប្រក្រតីភាព ឡើងវិញតាមគន្លងថ្មីនៃជីវភាពសង្គម ផលិតកម្ម មុខរបរ និងការងាររបស់ប្រជាជនខ្ញុំមានជំនឿថា អាស្រ័យដោយមានការចូលរួមដ៏សកម្មរបស់ប្រជាជនគ្រប់រូប យើងពិតជានឹងយកឈ្នះបានក្នុងសមរភូមិ ប្រយុទ្ធនឹងជំងឺកូរីដ-១៩នេះ ។

ខ្ញុំសូមប្រសិទ្ធពរជូនបងប្អូនជនរួមជាតិនៅគ្រប់ទិសទី សូមបានប្រកបពុទ្ធព និងពរប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖