ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចក្របួចជាប់ខណៈកំពុងលួងលោមក្មេងស្រីដោះយកខ្សែកនិងខ្សែដៃនៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល៖ ស្ត្រីជាមុខសញ្ញាទើបចេញពីពន្ធនាគារម្នាក់ត្រូវបានសមត្ថកិច្ចស្រុកស្អាងក្របួចជាប់ ខណៈកំពុងលួងលោមក្មេងស្រីដោះយកគ្រឿងអលង្ការខ្សែកនិងខ្សែដៃ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ វេលាម៉ោង៩និង៥០នាទី នៅចំណុចក្នុងផ្សារព្រែកតូចខាងជើង ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

    មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះមានគ្នា៣នាក់ ទី១-ឈ្មោះ​ រស់ វណ្ណម៉ូនីកា ភេទស្រី អាយុ៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល, ទី២-ឈ្មោះចំណាប់ សក្កណា ភេទស្រី​ អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ​ ស្រុកស្អាង ខេត្តកណ្ដាល និងទី៣-ឈ្មោះ​ អាន សៀវម៉ី ភេទស្រី អាយុ៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅក្នុងបន្ទុកគ្រួសារ​ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ ប៊ិន​ សំណល់ ហៅមុំ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ដើមមៀនក្រុងតាខ្មៅ ខេត្តកណ្ដាល មានស្រុកកំណើតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ដោយឡែកវត្ថុតាងចាប់យកមានប្រាក់រៀលចំនួន៥,០០០រៀល, កងដៃចំនួន២ធ្វើអំពីលោហធាតុពណ៌លឿង,​ខ្សែកចំនួន១ខ្សែធ្វើអំពីលោហធាតុពណ៌លឿង(ជារបស់ជនរងគ្រោះរកឃើញវិញ)។

  ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល១៨ខែពីបទលួចនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ នៅមុនពេលកើតហេតុកាលពីថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី ជនសង្ស័យបានធ្វើសកម្មភាពលួងលោមជនរងគ្រោះឈ្មោះ ចាន់សក្កណា និងជនរងគ្រោះឈ្មោះ អាន សៀវមុី ទៅកន្លែងស្ងាត់រួចបានដោះយកខ្សែកនិងក្រវិលពីជនរងគ្រោះហើយគេចខ្លួនបាត់។ លុះមកដល់ថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង៩និង៥០នាទីជនសង្ស័យបានធ្វើសកម្មភាពម្ដងទៀតដោយបានលួងលោមជនរងគ្រោះឈ្មោះ រស់ វណ្ណម៉ូនីកាទៅកន្លែងស្ងាត់ រួចបានដោះយកកងដៃនិងខ្សែកពីជនរងគ្រោះហើយត្រូវប្រជាពលរដ្ឋនៅជិតនោះមកទាន់ក៏បានស្រែកថាចោរៗ រួចឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកគយយកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

    បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖