ខេត្តបន្ទាយមានជ័យ៖ បេីយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានថ្លែងប្រាប់នៅព្រឹកថ្ងៃចន្ទទី២៨ ខែមិថុនា ឆ្នាំ២០២១នេះថា៖ មានករណីក្មេងលង់ទឹកស្ទឹង បណ្ដាលឲ្យស្លាប់ក្មេងស្រីម្នាក់ និងក្មេង ៣នាក់ទៀត ត្រូវបានជួយសង្គ្រោះចេញពីទឹកទាន់ពេលវេលា បន្ទាប់ពីក្មេងៗទាំងនោះ តាមឪពុកមាទៅរាវគ្រំ នៅក្នុងទឹកស្ទឹង។
ហេតុការណ៍ខាងលេីនេះ បង្កការភ្ញាក់ផ្អេីលឡេីងនៅវេលាម៉ោង ៥ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចឦសាន ពីភូមិចារ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បន្តថា ក្មេងស្រីរងគ្រោះ ស្លាប់ ឈ្មោះ ធៀម ចរិយា អាយុ៩ឆ្នាំ មានឪពុកឈ្មោះ សូ ប៊ុនថន អាយុ៤០ឆ្នាំ និងម្តាយឈ្មោះ អៀ សុខូវ អាយុ៣៦ឆ្នាំ នៅភូមិសំពៅលូន ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកអធិការ បានបន្ថែមទៀតថា មុនពេលកើតហេតុ មានក្មេង ៤ នាក់ ស្រីចំនួន ៣ នាក់ ជាបងប្អូន បានទៅរាវគ្រំ ជាមួយឪពុកមា ឈ្មោះ អៀ តុង វឿ ភេទប្រុស អាយុ ៣៣ ឆ្នាំ នៅភូមិចារ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ ក្នុងស្ទឹងចម្ងាយ ពីភូមិ។ ក្នុងនោះ មាន ១.ឈ្មោះ ធៀម ចរិយា បានលង់ស្លាប់ ។ ២.ឈ្មោះ ធៀម វាសនា ភេទប្រុស អាយុ៥ឆ្នាំ ជាប្អូនបង្កើត ។ ៣.ឈ្មោះ វី វិជ្ជរ៉ា ភេទស្រី អាយុ៩ឆ្នាំ និង៤.ឈ្មោះ វី វិសម័យ ភេទស្រី អាយុ៧ឆ្នាំ បងប្អូនបង្កើត របស់ឈ្មោះ វី វិជ្ជរ៉ា។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បញ្ជាក់បន្ថែមថា នៅវេលាម៉ោង ៣ រសៀល ឪពុកមា នៃក្មេង បានយកឆ្នាំង ធំមួយ ទៅរាវគ្រំ នៅក្នុងស្ទឹងខាងកើតភូមិ ហើយក្មេងៗទាំង ៤នាក់ បានរត់តាម ទៅជាមួយ ពេលកំពុងរាវគ្រំ ពួកក្មេងៗទាំងនោះ ក៏បានចុះមុជទឹកលេង និងជួយរាវគ្រំខ្លួន។
ក្រោយមកខ្លួនបានឆ្លងទៅរាវគ្រំ នៅកន្លែងផ្សេងទៀត ដោយពួកក្មេងៗទាំងនោះ ក៏ឆ្លងទៅជាមួយខ្លួនដែរ។ ដោយឆ្លងទឹកជ្រៅ ខ្លះក៏តោងឆ្នាំង ខ្លះទៀតជិះ ក ខ្លួន ។ ពេលរាវគ្រំ បានមួយសន្ទុះធំ ក៏នាំគ្នាហែលឆ្លង មកវិញ ដោយពួកក្មេងៗហែល តោងឆ្នាំង នៅក្បែរខ្លួន។ តែពេលមកដល់កណ្ដាលស្ទឹង ក៏លិចឆ្នាំងដាក់គ្រំ ហើយលិចក្មេង ៣ នាក់។ ពេលនោះ មា បានជួយស្រង់បាន ៣ នាក់ ។ ចំណែកក្មេងរងគ្រោះ លិចទៅទឹកជ្រៅ បាត់ រាវមិនឃើញ មិនអាចជួយបាន ហើយក៏បានហៅបងប្អូន ក្នុងភូមិ ឲ្យទៅជួយមុជ រករហូតដល់វេលាម៉ោង ៥ ល្ងាច ទើបរកឃើញតែក្មេងបានស្លាប់ទៅហើយ៕
ដោយ៖ អារុណរះ