កម្លាំងប៉ូលិសបង់ក្លាដែស បានឱ្យដឹងថា មានមនុស្ស៧នាក់ស្លាប់ និងជាង៥០នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់បាក់ស្រុតអគារកម្ពស់៣ជាន់ ដោយសារតែការផ្ទុះហ្គាសនៅកណ្តាលរដ្ឋធានី បង់ក្លាដែសកាលពីថ្ងៃទី ២៧ខែមិថុនា ។
ហេតុការណ៍ផ្ទះហ្គាសដ៏ខ្លាំងក្លានេះបានកើតឡើងនៅក្នុងតំបន់ Moghbazar ក្នុងរដ្ឋធានី Dhaka ។ មូលហេតុដែលបណ្តាលឲ្យផ្ទុះនេះ សមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវ។ ប៉ូលិសទីក្រុងDhaka លោក Shafiqul Islam បានឱ្យដឹងថា អគារ៧ខ្នងនៅក្បែរនេះនិងរថយន្តក្រុង៣គ្រឿង រងការខូចខាតដោយសារតែការផ្ទុះខាងលើ។
លោក Shafiqul បានឱ្យដឹងទៀតថា នេះអាចជាសកម្មភាពកើតឡើងដោយចេតនា ក្រោយពេលរដ្ឋធានីបង់ក្លាដែសប្រឈមនឹងហេតុការណ៍គ្រោះថ្នាក់បែបនេះកើតឡើងជាបន្តបន្ទាប់នាពេលកន្លងមក ។ មន្ត្រីប៉ូលិសក្នុងតំបន់បញ្ជាក់ថា មូលហេតុអាចបង្កឡើងដោយការផ្ទុះបំពង់បង្ហូរហ្គាស ។ ក្រុមអ្នកឯកទេសដោះមីនក៏បានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកមីនផងដែរ។
រូបភាពបានបង្ហាញឲ្យឃើញថា បំណែកបាក់បែកគ្របដណ្តប់ពេញផ្លូវ ។ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ការផ្ទុះធ្វើឲ្យអគារដែលមានភោជនីយដ្ឋាន ហាងលក់ទំនិញ…ក្លាយទៅជាគំនរបាក់បែក។
ចំណែកការបាក់ស្រុងអគារនៅអាមេរិក រហូតមកទល់ពេលនេះចំនួនអ្នកស្លាប់ ដោយសារការបាក់រលំអគារខុនដូកម្ពស់១២ជាន់ នៅតំបន់ Miami-Dade County រដ្ឋផ្លរីដា ភាគខាងត្បូងសហរដ្ឋអាមេរិក បានកើនឡើងដល់៩នាក់ហើយ ខណៈអ្នកបាត់ខ្លួនវិញកើនឡើងដល់ជាង ១៥០នាក់ ដែលធ្វើឱ្យក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ មានការខកចិត្តយ៉ាងខ្លាំង ចំពោះល្បឿននៃកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនេះ។
ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់៩នាក់នៅថ្ងៃអាទិត្យនេះ ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ មានការអស់សង្ឃឹមយ៉ាងខ្លាំង ចំពោះដំណឹងមួយនេះ និងមានការព្រួយបារម្ភកាន់តែខ្លាំងផងដែរ ចំពោះការធ្លាក់ចុះនៃកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ គ្មាននរណាម្នាក់ ត្រូវបានទាញចេញពីគំនរបាក់បែកនោះនៅរស់រានមានជីវិតនោះទេ ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ប៉ុន្មានម៉ោងបន្ទាប់ពីការបាក់រលំ ផ្នែកនៃអគារកម្ពស់ ១២ជាន់នោះមក៕
ដោយ៖ ធីរីណា
ការផ្ទុះនៅអគារកម្ពស់បីជាន់ត្រូវបានគេជឿជាក់ថាបណ្តាលមកពីការផ្ទុះហ្គាស។ រូបភាព៖ BDNews24