ភ្នំពេញ៖ ក្រោយពីគ្រងឈុតប្រណីតបុរាណមួយចំនួនធ្វើឲ្យអ្នកគាំទ្រព្រះនាងតូច នរោត្តម ជេនណា ពេញចិត្តខ្លាំងនោះ ថ្មីៗនេះទ្រង់បានបញ្ចេញនូវសកម្មភាពការងារសិល្បៈមួយចំនួនបន្ថែម ពិសេសការបញ្ចេញឈុតរ៉ូបដ៏ស្រស់ស្អាតថ្មី២ឈុតធ្វើឱ្យទស្សនិកជនកាន់តែទប់ចិត្តមិនសរសើរមិនបាន។
មហាជនពិតជាទប់ចិត្តមិនសរសើរមិនបានអំពីព្រះរូបឆោមលោមពណ៌ដ៏ស្រស់សោភារបស់ព្រះនាងតូច នរោត្តម ជេនណា ថាពិតជាស្រស់ស្អាតមែនរាល់ការគ្រងនូវគ្រប់ទម្រង់នៃសម្លៀកបំពាក់មិនថាបុរាណនិងសម័យ ។ ប្រសិនបើគេក្រឡេកមើលពីការគ្រងរ៉ូបវិញនោះគឺពិតជាស័ក្តិសមខ្លាំងណាស់ប្រៀបបានទៅនឹងមនុស្សពេញវ័យក្រមុំ។ ការបញ្ចេញឈុតរ៉ូបដែលត្រូវបានរចនាយ៉ាងល្អស្អាតប៉ុន្មានឈុតចុងក្រោយនេះគឺកាន់តែបង្ហាញពីភាពប្រណីតនៃការរៀបចំព្រះកាយស័ក្តិសមទៅនឹងសិល្បករអាជីព និងលេចធ្លោនាពេលបច្ចុប្បន្ន។ ស្របពេលដែលការងារសិល្បៈរបស់ទ្រង់នៅតែបន្តមានជាហូរហែទាំងការបញ្ចេញបទចម្រៀងថ្មីក្រោមចំណងជើងថា “ទោះក្រក៏មិនអស់សង្ឃឹម” និងការងារសិល្បៈមួយចំនួនទៀត។ ប៉ុន្មានសប្តាហ៍កន្លងទៅនេះទ្រង់បានបញ្ចេញព្រះឆាយាលក្ខណ៍ក្នុងទម្រង់បែបបុរាណដ៏ល្អប្រណីតដែលធ្វើឲ្យទស្សនិកជនជាច្រើនពេញចិត្តមិនតិចនោះទេ ។ ស្រាប់តែមួយរយៈចុងក្រោយនេះព្រះនាងជេនណាក៏បានបញ្ចេញឈុតរ៉ូបរាត្រីសមោសរ២ឈុត ដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍គឺឈុតពណ៌អមដោយការរៀបចំព្រះកាយបានយ៉ាងសមសួនស្អាតរកចំណុចទាស់គ្មាន ជាមួយព្រះភក្ត្រស្រស់ផូរផង់ញញឹមប្រឹមប្រិយ។ កាន់តែធ្វើឲ្យអ្នកគាំទ្រស្រលាញ់ពេញចិត្តពេញបេះដូងគឺក្រោយពីទ្រង់បានបញ្ចេញឈុតរ៉ូបពណ៌ក្រហមស្រាល ។ ព្រះភក្ត្រស្រទន់ រំលេចដោយការតុបតែងសក់ផាត់មុខពីក្រុមអ្នកជំនាញកាន់តែលើកសម្រស់ទ្រង់ដែលមានពីធម្មជាតិឲ្យស្រស់ត្រដែតឡើង។ អ្នកគាំទ្រជាច្រើនបានកោតសរសើរទ្រង់ថា គ្រប់ទម្រង់នៃការរៀបចំព្រះកាយគឺត្រូវបានរៀបចំយ៉ាងល្អប្រណីត ថ្លៃថ្នូរ និងស័ក្តិសមទៅនឹងកិត្តិនាមល្បីសុសសាយរបស់ទ្រង់ផងដែរ។
គួរបញ្ជាក់ដែរថា ព្រះនាងតូច នរោត្តម ជេនណា ប្រសូតនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ ។ ទ្រង់គឺជាបុត្រីទីពីររបស់អ្នកអង្គម្ចាស់នរោត្តមបុប្ផារី និងជាព្រះរាជនត្តារបស់ សម្តេចព្រះមហិស្សរា នរោត្តមចក្រពង្ស។ ទ្រង់ចាប់ផ្តើមចេះច្រៀងតាំងពីវ័យ ត្រឹមតែ ៤វស្សា។ ចាប់តាំងពីពេលនោះមកព្រះនាងតូច ជេនណាក៏ចាប់ផ្តើមប្រឡូកចូលវិស័យសិល្បៈបន្តិចម្តងៗ ហើយរហូតមកដល់ពេលនេះទ្រង់អាចច្រៀងនិងរាំយ៉ាងស្ទាត់ជំនាញទៀតផង។ លើសពីសមត្ថភាពក្នុងវិស័យចម្រៀង ទ្រង់ក៏មានភាពប៉ិនប្រសប់ក្នុងការរាំជាមួយនឹងកាយវិការល្វតល្វន់ គួរឲ្យក្នាញ់និងគួរឲ្យស្រលាញ់ជាទីបំផុតទៀតផង រួមទាំងក្បាច់រាំសម័យផងដែរ។
ការបង្ហាញម៉ូតក៏កាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងលើទ្រង់ផងដែរ។
ព្រះនាងតូច ជេនណាក៏មានសមត្ថភាពអាចមានបន្ទូលបានរហូតដល់ទៅ៥ភាសាឯណោះ ពិសេសលើភាសាបារាំងដោយទ្រង់មានឪពុកជាជនជាតិបារាំង និងក្រៅពីខេមរភាសាដែលជាភាសាកំណើតទ្រង់ក៏អាចមានបន្ទូលនិងច្រៀងជាភាសាថៃ ភាសាចិន និង អង់គ្លេសបានយ៉ាងច្បាស់ផងដែរ ដែលនេះគឺជាទេពកោសល្យមួយដែលកម្រនឹងមានក្មេងណាម្នាក់អាចនឹងធ្វើបាន៕
ដោយ ៖ វឌ្ឍនា