ខេត្តកំពង់ចាម ៖ បច្ចុប្បន្នស្ថានភាពចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍នៅតែមិនចុះថមថយនៅឡេីយទេ ដែលជាក្តីកង្វល់ប្រមុខរាជរដ្ឋាភិបាលត្រូវជួយដោះស្រាយដាក់ផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាជនទូទាំងប្រទេសគ្រប់ៗគ្នា ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធអេឡិកត្រូនិក (Zoom Meeting)ស្តីអំពីការត្រៀម និងដាក់ផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងមានការអញ្ជេីញចូលរួមពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកអភិបាលស្រុក និងសមាជិក សមាជិកា ជាច្រេីននាក់ផ្សេងទៀត ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានចូុលរួមផ្តល់មតិក្នុងកិច្ចប្រជុំនេះថា ជាទូទៅរយៈពេលនៃការបង្កវីរុសរបស់កូវីដ-១៩ អាចមានចន្លោះពី ៤ ទៅ ៥ ថ្ងៃ ទើបចេញរោគសញ្ញា ប៉ុន្តែការវិវត្តចុងក្រោយនៃមេរោគកូវីដ១៩នេះ គឺមិនបង្ហាញអាការរោគសញ្ញាសម្គាល់ឡេីយ ក្នុងអំឡុងពេលនេះ អ្នកជំងឺមួយចំនួនធំច្រើនតែច្រឡំថាខ្លួនមានជំងឺផ្ដាសាយទៅវិញ ។
លោកសូមផ្តាំផ្ញេី សូមមានការប្រុងប្រយ័ត្ន ក៏ដូចជាតាមដានសុខភាពឱ្យបានដិតដល់ ហើយប្រសិនណាសង្កេតឃើញមានរោគសញ្ញាខុសប្លែកប្រក្រតី សូមប្រញាប់ទៅតេស្តរកមេរោគឱ្យទាន់ពេលវេលា ៕
ដោយ ៖ វណ្ណៈ