ខេត្តព្រះវិហារ ៖ លោក ស្រ៊ុន បូរិន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់នឹងនេសាទខេត្តព្រះវិហារ តំណាងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្ត កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីនៅក្នុងពិធីចែកសម្ភារល្បាត ជូនដល់សហគមន៍ការពារព្រៃឈើទាំង១១ ស្ថិតក្នុងដែនសមត្ថកិច្ចរដ្ឋបាលព្រៃឈើឆែប សម្ភាររួមមានវិទ្យុទាក់ទងចំនួន៤គ្រឿង ជីភីអេសចំនួន២គ្រឿង ប្រេងសាំងចំនួន៤១៤លីត្រ ប្រេងម៉ាស៊ូតចំនួន៣២៦លីត្រនឹងសម្ភារមួយចំនួនធំទៀត ។
លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប បានឱ្យដឹងថា ការចែកសម្ភារល្បាតជូនដល់សហគមន៍ការពារព្រៃឈើទាំង១១ ស្ថិតក្នុងដែនសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើឆែប គឺចែកបានចំនួន៥លើករួចមកហើយ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម តាមរយៈមន្ទីរកម្មសិកម្ម យកមកចែកជូនដល់បងប្អូនប្រជាសហគមន៍ ដើម្បីជួយសម្រួលដល់ការងារចុះល្បាតការពារព្រៃឈើតាមគោលដៅនីមួយៗ ។
លោក នួន សុខុម បានឱ្យដឹងថា ការការពារធនធានធម្មជាតិឱ្យគង់វង់ទៅបាន អាស្រយ័ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងនោះមានសហគមន៍ការពារព្រៃឈើ ជាអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ សហការជាមួយសមត្ថកិច្ចជំនាញ សហគមន៍មានតួនាទីភារៈកិច្ចយ៉ាងសំខាន់ក្នុងជួយផ្សព្វផ្សាយពីសារៈសំខាន់របស់ព្រៃឈើ ព្រោះថាព្រៃឈើបានផ្តល់ផលប្រយោជន៏យ៉ាងច្រើនដល់មនុស្សនឹងសត្វ ។
លោក ស្រ៊ុន បូរិន ថ្លែងកោតសរសើរដល់ខណ្ឌរដ្ឋបាល សង្កាត់រដ្ឋបាលព្រៃឈើ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ពិសេសសហគមន៍ការពារព្រៃឈើទាំងអស់ ដែលបានសហការគ្នា ការពារធនធានធម្មជាតិរបស់យើងបានល្អប្រសើរ បើទោះបីផ្នែកខ្លះមានការខ្វះចន្លោះ យើងរួមគ្នាបំពេញកែលំអរឡើងវិញ ដើម្បីការពារព្រៃឈើរបស់យើងឱ្យបានគង់វង់ទុកអោយមនុស្សជំនាន់ក្រោយបានដឹងនឹងស្គាល់ពីសារៈសំខាន់នឹងតម្លៃព្រៃឈើរបស់យើង ។
លោក ស្រ៊ុន បូរិន បានរំលឹកដល់សហគមន៍ទាំងអស់ អោយខិតខំបន្តអនុវត្តការងារដកស្ទូង បង្កបង្កើនផលដាំដំណាំរួមផ្សំផ្សេងៗដើម្បីជួយបង្កើនដល់សេដ្ឋកិច្ចគ្រួសារអោយបានធូរធាមួយកម្រិតបន្ថែមទៀត នឹងសូមអោយបងប្អូនយើងយកចិត្តទុកដាក់ការពារជម្ងឺកូវីដ-១៩ ដែលកំពង់រាតត្បាតនៅទូទាំងប្រទេស ពិសេសអនុវត្តអោយបានគោលការណ៍របស់រាជរដ្ឋាភិបាល៣កុំ ៣ការពារនឹងស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល ៕
ដោយ ៖ វណ្ណៈ