ព័ត៌មានទាន់ហេតុការណ៍៖

វី ឌីណែត ខៀវ សានសាណា នឹងចូលរួមជាមួយវាគ្មិនជំនាញក្នុងកម្មវិធីរបស់អង្គការ អេអេចអេហ្វ កម្ពុជា ក្រោមប្រធានបទ «ការអំពាវនាវដល់ការចាត់វិធានការដើម្បីវ៉ាក់សាំងពិភពលោក»

ចែករំលែក៖

  តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា វី ឌីណែត និងពិធីការិនីល្បីឈ្មោះអ្នកនាង ខៀវ សានសាណា និងចូលរួមជាវាគ្មិនរួមជាមួយវាគ្មិននិងអ្នកជំនាញ៤រូបផ្សេងទៀតដើម្បីចូលរួមសន្និសីទសារព័ត៌មាន ក្រោមប្រធានបទ៖ «ការអំពាវនាវដល់ការចាត់វិធានការដើម្បីវ៉ាក់សាំងពិភពលោក»។ កម្មវិធីនេះនឹងត្រូវរៀបចំធ្វើឡើងដោយអង្គការ អេអេចអេហ្វ កម្ពុជា ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។ 

សន្និសីទសារព័ត៌មាន នេះនឹងត្រូវរៀបចំធ្វើឡើង តាមរយៈ Zoom ចាប់ពីម៉ោង ១០និង០០នាទីព្រឹក ដល់ម៉ោង១១និង៣០ នាទី ក្រោមប្រធានបទ៖ «ការអំពាវនាវដល់ការចាត់ វិធានការដើម្បីវ៉ាក់សាំងពិភពលោក» ដើម្បីទាមទារឲ្យមានការបង្កើនកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដើម្បីបង្កើនការផលិតវ៉ាក់សាំងអោយបានច្រើនទូទាំងពិភពលោក ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។ព្រឹត្តិការណ៍នេះនឹងបង្ហាញពីអ្នកជំនាញសុខភាពសាធារណៈនិងសកម្មជនដែលអំពាវនាវឲ្យមាន ការទទួលបានការចាក់វ៉ាក់សាំងជាសកលកាន់តែលឿននិងទូទាំងពិភពលោកព្រមទាំងជំរុញឲ្យមេដឹកនាំពិភពលោកមានការសម្រេចចិត្តគិតគូរពីជីវិតមនុស្សជាចំបងនិងជំរុញឲ្យបង្កើនការផលិតកម្មវ៉ាក់សាំងដោយក្រុមហ៊ុននៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោក។

ស្វែងរកការគាំទ្រមានគោលបំណងនាំឲ្យមានការយល់ដឹងអំពីភាពមិនស្មើគ្នានៅក្នុងការផលិត វ៉ាក់សាំងនៅអាស៊ីនិងទូទាំងពិភពលោកនិងព្រមានពីគ្រោះថ្នាក់នៃជាតិនិយមប៉ាតង់និងការប្រកាន់កម្មសិទ្ធបញ្ញាក្នុងការផលិតវ៉ាក់សាំង។ សន្និសីទសារព័ត៌មាន AHFកម្ពុជា ជាគំនិតផ្តួចផ្តើមនៃយុទ្ធនាការ ‘VOW’ គឺជាយុទ្ធនាការនិងសកម្មភាពតស៊ូមតិជាច្រើននៅក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន និងអាមេរិក។សន្និសីទសារព័ត៌មានរបស់ AHF កម្ពុជានេះ នឹងមានការចូលរួមពីវាគ្មិនសំខាន់ដូចជា៖

លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងប្រចាំប្រទេសអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា និងចែករំលែកពីគោលបំណងយុទ្ធនាការ និងសកម្មភាពការអំពាវនាវដល់សហគមន៍ពិភពលោក។ លោក ទឹម វរ៉ា តំណាងអង្គការសង្គមស៊ីវិល និងចែករំលែកពីការកិច្ចខិតខំប្រឹងប្រែងទទួលបានការចាក់ វ៉ាក់សាំងទាំងអស់គ្នា ជាប្រយោជន៍ឯកជន និងសាធារណៈ។លោក ស៊ន សុទ្ធារិទ្ធ ប្រធានបណ្តាញអ្នករស់ជាមួយមេរោគអេដស៍ប្រចាំប្រទេសកម្ពុជា និងចែករំលែកពីយុទ្ធនាការនិងសកម្មភាពមេរៀន ដែលបានរៀនពីជំងឺអេដស៍ និងការទទួលបានការចាក់វ៉ាក់សាំងទាំងអស់គ្នា។ កញ្ញា វី ឌីណែត អ្នកចំរៀងនិងតារាសម្តែង និងចែករំលែកបទពិសោធន៍ក្នុងនាមជាអ្នកធ្លាប់ឆ្លងមេរោគកូវីដ១៩ និងមេរៀនជូចត់ដែលបាត់បង់ម្តាយជាទីស្រលាញ់។លោកវេជ្ជ ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី និងបូកសរុបពីសន្និសីទនិងអំពាវនាវជាសកល។ជំងឺកូវីដ ១៩ បានបំផ្លាញដល់ជីវិតមនុស្សទូទាំងពិភពលោក។ក្រុមគ្រួសារជាច្រើនបានបាត់បង់មនុស្សជាទីស្រឡាញ់ ហើយចំនួនអ្នកស្លាប់នៅតែកើនឡើង នៅក្នុងតំបន់ អាស៊ី និងទូទាំងពិភពលោក។

សូមជម្រាបថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោកដោយបច្ចុប្បន្នអង្គការកំពុងផ្តល់ការថែទាំបែបវេជ្ជសាស្ត្រ និង ឬសេវាកម្មដល់មនុស្សជាង ១លាន ៥សែននាក់ នៅក្នុង៤៥ប្រទេសទូទាំងពិភពលោកដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការ៉ាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖