ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានបង្ហោះផេកផ្លូវការថា, កាលពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០២១ យើងចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានដល់ចំនួន៣លាននាក់។ ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ នេះយើងចាក់បានជាង៤លាននាក់ក្នុងចំណោមមនុស្ស១០លាននាក់ ដែលត្រូវចាក់ ក្នុងនោះយើងបានរកឃើញមនុស្សដែលទទួលដូសទី៤លាន គឺបានទៅប្អូនប្រុសឈ្មោះសូ សយ អាយុ៦៥ឆ្នាំជាអតីតយុទ្ធជននិងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃរស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថ្លែងថា, ខ្ញុំសូមចូលរួមអបអរសាទរ និងសូមជួយឧបត្ថម្ភនូវថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតដូចមនុស្សទី១លាន ទី២លាន និងទី៣លានផងដែរ។លោកស្រី ឱ វណ្ណឌីន នឹងនាំសម្ភារៈថវិកាទៅជូនប្អូនសូ សយនិង ក្រុមគ្រួសារដោយផ្ទាល់នាថ្ងៃស្អែក។
សូមអរគុណនិងកោតសរសើរចំពោះក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានខិតខំចាក់វ៉ាក់សាំងជូនប្រជាជនយើង។
សូមអរគុណចំពោះមិត្តចិនដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ដែលធ្វើអោយកម្ពុជាឈានទៅសម្រេចបាននូវការចាក់វ៉ាកសាំង៤០ភាគរយនៃចំនួនដែលត្រូវចាក់។ ប្រសិនបើកុំមានជំនួយឧបត្ថម្ភពីមិត្តចិនទេមកដល់ពេលនេះកុំថាឡើយយើងចាក់បាន៤លាននាក់ សូម្បីតែ២០ម៉ឺននាក់ក៏យើងមិនអាចចាក់បានផង ហើយយើងច្បាស់ជាកំពុងស្ថិតនៅក្នុងវិបត្តិអត់វ៉ាក់សាំងដែលគ្មានច្រកចេញ៕
ដោយ៖ សុខ ខេមរា