ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពកូវីដ-១៩នៅថៃ តារាសម្តែងស្រីដ៏ស្រស់ស្អាតម្នាក់ឆ្លងកូវីដ-១៩

ចែករំលែក៖

ការឆ្លងកូវីដ-១៩នៅក្នុងប្រទេសថៃ បានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ បង្ខំឲ្យរដ្ឋាភិបាលថៃត្រូវបិទខ្ទប់តាមតំបន់មួយចំនួនក្នុងទីក្រុងបាងកក។ ថៃសម្រេចបិទការដ្ឋានសាងសង់ទាំងអស់ក្នុងក្រុងបាងកកហើយបញ្ជូនទាហានការពារ ទប់ស្កាត់កម្មករដែលចង់វិលត្រឡប់ទៅស្រុកវិញ។
នៅថ្ងៃទី២៨ខែមិថុនា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥,៤០៦ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ហើយមានតែ១៨នាក់ប៉ុណ្ណោះជាករណីនាំចូល។
មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៥,៣៩៧ករណីត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ៩ករណីទៀតត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។
ក្រៅពីនេះ តារាសម្តែងថៃល្បីឈ្មោះ កញ្ញា Pancake Khemanit Jamikorn ដែលទស្សនិកជនខ្មែរតែងតែហៅថា Pancake នោះ បានប្រកាសតាមបណ្តាញសង្គម Instagram ផ្លូវការរបស់ខ្លួនថា នាងបានឆ្លងជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នកំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យមួយកន្លែងនៅប្រទេសថៃ។
តារាសម្តែង Pancake បានបង្ហោះនៅលើបណ្តាញសង្គម Instagram នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដោយបានឱ្យដឹងថា សមាជិកក្នុងគ្រួសាររបស់នាងត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ហើយនៅពេលទទួលបានដំណឹងនេះភ្លាមនាងក៏ប្រញាប់ទៅពិនិត្យសុខភាពជាបន្ទាន់ ខណៈលទ្ធផលនៃការធ្វើសំណាកបានបង្ហាញនៅថ្ងៃទី២៧ ខែមិថុនា ថា នាងមានវិជ្ជមានកូវីដ-១៩ ផងដែរ។ បច្ចុប្បន្ននាង និងសមាជិកគ្រួសារកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសថៃ៕ដោយ៖ ធីរីណា

រូបភាព៖(Royal Thai Navy)


ចែករំលែក៖