ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ! សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកា ២,៨៣០លានរៀល ឃីត ១៦,៥០០កញ្ចប់ និង ទឹកសុទ្ធ ២១,០០០កេស ដល់បណ្តាខេត្តសម្រាប់ត្រៀមធ្វើចត្តាឡីស័ក ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា !

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភថវិកាបន្ថែមជូនខេត្តទាំង២៤ ចំណែកទឹកសុទ្ធ និងឃីត គឺឧបត្ថម្ភជូនខេត្តជាប់ព្រំដែនថៃទាំង៧ ក្នុងការធ្វើចត្តាទ្បីស័កគ្រប់ប្រជាពលរដ្ឋ ដែលចូលមកកម្ពុជារយៈពេល ១៤ថ្ងៃ និងអនុវត្តការធ្វើតេស្តរហ័ស ដើម្បីទប់ស្កាត់ការចម្លងនៃមេរោគកូវីដ១៩ ពិសេសមេរោគបម្លែងថ្មី»។ 

 បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាននៅព្រលប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានលម្អិតថា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់ជំនួយថវិកាចំនួន ២,៨៣០លានរៀលទៀត ដល់បណ្តាខេត្តទូទាំងប្រទេស សម្រាប់ធ្វើការត្រៀមធ្វើចត្តាឡីស័ក រយៈពេល១សប្តាហ៍ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។ 

បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភឃីត ១៦,៥០០កញ្ចប់ និងទឹកបរិសុទ្ធចំនួន ២១,០០០កេសផងដែរ សម្រាប់បណ្តាខេត្តដែលជាប់ព្រំដែនកម្ពុជា-ថៃ។

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៧​ ខែមិថុនា​​ ឆ្នាំ​២០២១​ រកឃើញអ្នកឆ្លងថ្មី ៨៨៣នាក់ទៀត ជាសះស្បើយ ៦០៧នាក់ និងស្លាប់ ១៦នាក់៖

– ករណីឆ្លងសហគមន៍ ៧៤៨នាក់

– អ្នកដំណើរពីបរទេស ១៣៥នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១

– អ្នកឆ្លងសរុប= 48,532 នាក់

– អ្នកជាសះស្បើយ= 42,764 នាក់

– អ្នកស្លាប់= 556 នាក់ ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖