ភ្នំពេញ៖ អង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆាបឆះផ្ទះមួយកន្លែងបណ្តាលឲ្យស្លាប់មនុស្សចំនួន ៤នាក់ រងរបួសមន្ត្រីពន្លត់អគ្គិភ័យម្នាក់ និងខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀត ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០៤៖៣០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្ទះលេខ៤៤ និង៤៦ ផ្លូវលេខ២០០ ក្រុម០២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា, មូលហេតុកំពុងធ្វេីការស្រាវជ្រាវ ហើយជាប្រភេទសំណង់ ថ្មបេតុង ទំហំ 09ម៉ែត្រx 30ម៉ែត្រ ចំនួន 03ជាន់។ និងមានករណីខូចខាតសម្ភារ ឆេះផ្ទះជាន់ផ្ទាល់ដី ទំហំ 09ម៉ែត្រx 30ម៉ែត្រ អស់ទាំងស្រុង រួមទាំងឆេះសម្ភារផ្សេងៗទៀតដូចជា ឆេះរថយន្តFord Willdrak ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BB-8233 ចំនួន01គ្រឿង, ឆេះរថយន្តLuxus 330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL-1158 ចំនួន01គ្រឿង, ឆេះម៉ូតូសរុបចំនួន 07គ្រឿង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
អ្វីដែលរន្ធត់បំផុប គឺបណ្តាលឲ្យស្លាប់មនុស្សប្រុសចំនួន 04នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ) នឹងរងរបួសស្រាលមនុស្សប្រុសចំនួន 01នាក់ មានឈ្មោះ ម៉ូច សីហា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មន្រ្តីកិច្ចសន្យាអគ្គិភ័យ។
មធ្យោបាយពន្លត់បានប្រើប្រាស់រថយន្តការិយាល័យពន្លត់អគ្គិភ័យ ចំនួន 38គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន 38ឡាន ស្មេីនឹង 152ម៉ែត្រគូប ។
រថយន្តជំនួយអន្តរាគមន៍ពន្លត់មាន រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន01គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 02ឡានសើ្មនឹង12 ម៉ែត្រគូប ហើយពន្លត់ចប់នៅម៉ោង ០៦:០០នាទីព្រឹក នាថ្ងៃ.ខែ.ឆ្នាំដដែល ៕
ដោយ ៖ សិលា