ខេត្តកណ្តាល៖ អាជ្ញាធរខេត្តកណ្ដាល សម្រេចបិទខ្ទប់ភូមិសាស្ត្រភូមិរកា ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងដោយត្រូវកំណត់ជា “តំបន់លឿងទុំ” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងនោះសម្រេច ៖
ប្រការ១ ..ត្រូវបានបិទខ្ទប់ភូមិសាស្ត្រនៃភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដោយត្រូវកំណត់ជា “តំបន់លឿងទុំ” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលត្រូវអនុវត្តសម្រាប់រយៈពេល ១៤(ដប់បួន)ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។
ផែនទីនៃការកំណត់ភូមិសាស្ត្រនៃភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជា “តំបន់លឿងទុំ។ ត្រូវបានភ្ជាប់មកជាឧបសម្ព័ន្ធនៃសេចក្តីសម្រេចនេះ។
ប្រការ២.. ក្នុងអំឡុងពេលនៃការអនុវត្តការបិទខ្ទប់ វិធានការដែលត្រូវអនុវត្តសម្រាប់ភូមិសាស្ត្រដែលត្រូវបានកំណត់ ជា “តំបន់លឿងទុំ” មានដូចខាងក្រោម៖
១-បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬ ទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ប៉ុន្តែ ការធ្វើដំណើរចេញក្រៅពីលំនៅឋាន ឬ ទីសំណាក់បច្ចុប្បន្ន អាចត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់ ដូចតទៅ៖
– ការធ្វើដំណើរទៅប្រកបមុខរបរ ឬ អាជីវកម្ម ឬ បំពេញការងារក្នុងវិស័យឯកជន ដោយត្រូវមាន លិខិតអនុញ្ញាតធ្វើដំណើរពីរដ្ឋបាលខេត្ត អមដោយឯកសារបញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ជាក់ ការងារដែលមានកំណត់ច្បាស់លាស់ពីឈ្មោះ មុខងារ និងប្រភេទអាជីវកម្មចេញដោយទីកន្លែង អាជីវកម្មពាក់ព័ន្ធ
– ការធ្វើដំណើរទៅបំពេញការងារក្នុងក្រសួង ស្ថាប័ន ដោយមានភ្ជាប់ឯកសារបញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ជាបេសកកម្មរបស់ក្រសួង ស្ថាប័នសាមី
– ការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬ គ្រឿងឧបភោគបរិភោគ ឱសថស្ថាន និងទីកន្លែង លក់សម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដែលអនុញ្ញាតឱ្យបើកដំណើរការដោយអាជ្ញាធរមានសមត្ថកិច្ច ការធ្វើដំណើរក្នុងគោលបំណងនេះ អាចធ្វើឡើងដោយសមាជិកយ៉ាងច្រើន ២ (ពីរ) នាក់ ក្នុងមួយ លំនៅឋាន ឬ ទីសំណាក់ ដោយមិនឱ្យលើសពី ៣ (បី) ដង ក្នុងមួយសប្ដាហ៍ និងនៅទីតាំងដែល ជិតបំផុតក្នុងរង្វង់ភូមិសាស្ត្រខ្លួនរស់នៅ ដោយភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ប័ណ្ណសម្គាល់ខ្លួន
– ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ឬ ទីកន្លែងព្យាបាល ដោយមូលហេតុសុខភាពបន្ទាន់ នៅក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់។ ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់នេះ ចេញក្រៅ ឬ ចូលក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ អាចធ្វើទៅបានដោយមានការអនុញ្ញាតពី អាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តវិធានការបិទខ្ទប់ ដោយកំណត់ចំនួនមនុស្សមិនឱ្យលើសពី ៤ (បួន) នាក់ សម្រាប់ករណីនីមួយៗ ប៉ុន្តែ ត្រូវអនុវត្តដាច់ខាតនូវកាតព្វកិច្ចវិធានការសុវត្ថិភាពផ្នែកសុខាភិបាល
– ការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ឬ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៅទីតាំងជិតបំផុតក្នុង “តំបន់លឿងទុំ” តាមការកំណត់ និងដោយមានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច
– ការធ្វើដំណើររបស់អ្នកសារព័ត៌មាន ដោយមានភ្ជាប់ជាមួយនូវឯកសារបញ្ជាក់អំពីអត្តសញ្ញាណនិង ការងារ ព្រមទាំងមានលិខិតអនុញ្ញាតសម្រាប់ការធ្វើដំណើរ ពីក្រសួងព័ត៌មាន
– ការធ្វើដំណើរដើម្បីត្រឡប់ទៅលំនៅឋាន ឬ ទីសំណាក់របស់ខ្លួនវិញរបស់បុគ្គលដែលបានបញ្ចប់ ការធ្វើចត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬ កន្លែងសម្រាកព្យាបាល នៅក្នុង ឬ ចេញពី ឬ ចូល ក្នុង “តំបន់លឿងទុំ” ដោយមានការសម្របសម្រួលរបស់អាជ្ញាធរមានសមត្ថកិច្ច ។ សូមអាននូវសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តកណ្តាលទាំងស្រុងដូចខាងក្រោម ៕
ដោយ ៖ សិលា