អន្តរជាតិ៖ បន្ទាប់ពីទីក្រុងសេនភីតធឺស្បឺករបស់រុស្ស៊ី កាលពីថ្ងៃចន្ទទី២៨មិថុនា ឆ្នាំ២០២១ បានបង្ហាញចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងកូវីដ-១៩ ឡើងខ្ពស់បំផុតដែលមិនធ្លាប់មានកន្លងមក ខណៈដែលប្រទេសមួយនេះ ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះវគ្គ ១/៤ នៃព្រឹត្តិការណ៍យូរ៉ូ ២០២០ ត្បិតមានការរីករាលដាលនៃកូវីដបំប្លែងខ្លួន(វីរុសដែលតា) ដែលកំពុងជំរុញការឆ្លងរាលដាលពាសពេញពិភពលោក និងបង្កការឈឺក្បាលចំពោះព្រឹត្តិការណ៍កីឡាធំៗក៏ដោយ។
បេីតាមអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វីរុសដែលតា ដែលឥឡូវមាននៅក្នុងប្រទេសចំនួន ៨៥គឺឆ្លងរាលដាលលឿនបំផុតក្នុងចំណោមកូវីដ១៩បំប្លែងខ្លួនប្រភេទដទៃទៀតគិតមកទល់ឥឡូវ។ ចំណែកការកើនឡើងករណីឆ្លងនិងស្លាប់នេះ បានធ្វើឱ្យមានការព្រួយបារម្ភចំពោះការប្រកួតបាល់ទាត់យូរ៉ូ ២០២០ ដែលកំពុងធ្វើឡើងនៅទីតាំងជាច្រើនទូទាំងទ្វីបអឺរ៉ុប។
សូមជម្រាបថា ខណៈបណ្តាប្រទេសអ្នកមាន បានចាប់ផ្តើមកាត់បន្ថយការឆ្លងតាមរយៈការចាក់វ៉ាក់សាំងយ៉ាងឆាប់រហ័ស ប៉ុន្តែការផ្ទុះវីរុសកូរ៉ូណា នៅតែកើតឡើងចាប់ពីប្រទេសបង់ក្លាដែសរហូតដល់អាម៉េរិកខាងត្បូង ជាមួយការរីករាលដាលយ៉ាងលឿននៃវីរុសបំប្លែងខ្លួនដែលតា ដែលរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា។
ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់នៃគណៈកម្មការអឺរ៉ុបមួយរូប កាលពីថ្ងៃចន្ទទី២៨ ខែមិថុនានេះដែរ ក៏បានសម្តែងនូវការសង្ស័យអំពីចក្រភពអង់គ្លេសដែលរងការវាយប្រហារដោយកូវីដ១៩ ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្រយូរ៉ូនៅកីឡដ្ឋាន Wembley និងបានជំរុញឱ្យ UEFA ធ្វើការវិភាគលើជម្រើសទីតាំងផ្សេង។
ដោយឡែកចំពោះបញ្ហានេះដែរ ចក្រភពអង់គ្លេសវិញ ក៏កំពុងតស៊ូពុះពារ នឹងការកើនឡើងយ៉ាងខ្លាំងនៃវីរុសដែលតា ដែលជំរុញឱ្យមានអត្រាឆ្លងខ្ពស់ជាងសហភាពអឺរ៉ុបដល់ទៅ ៤ដង។ ប៉ុន្តែជុំបិញករណីនេះដែរ រដ្ឋាភិបាល បានច្រានចោលរាល់ការលើកឡើងអំពីការលេងវគ្គផ្តាច់ព្រ័ត្រនៅកន្លែងផ្សេងផងដែរ៕ដោយ៖ស តារា
រូបថត៖AFP