ប្រធានាធិបតី Duterte បាននិយាយទៅកាន់កីឡាករប្រដាល់លំដាប់ពិភពលោក និងជាតំណាងរាស្ត្ររបស់ហ្វុីលីពីន លោកម៉ាន់នី ប៉ាក់គីអាវ ឱ្យចង្អុលចំៗទៅការិយាល័យរដ្ឋាភិបាលណាដែលពុករលួយ។
កាលពីថ្ងៃទី២៨ ខែមិថុនា ប្រធានាធិបតី Duterte បានស្នើដល់លោក ប៉ាក់គីអាវ ឱ្យចង្អុលចំៗអ្នកដែលពុករលួយ ដើម្បីបញ្ជាក់ថា កីឡាករប្រដាល់សាកលមិនបានលេងល្បែងនយោបាយដើម្បីស្វែងរកការគាំទ្រសម្រាប់ការបោះឆ្នោតនាពេលខាងមុខឡើយ តែនោះជាការណ៍ពិត ។
ប្រធានាធិបតីDuterte បាននិយាយនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ថា «ខ្ញុំមិនអាចនិយាយថាគ្មានអំពើពុករលួយនោះឡើយ ដូច្នេះសូមលាតត្រដាងការណ៍ពិត»។ លោកបន្តទៀតថា បើមិនធ្វើដូច្នេះ ខ្ញុំនឹងចោទប្រកាន់លោក«ប៉ាក់គីអាវ»ថាជាអ្នកនិយាយកុហក។
ការប្រើប្រាស់សម្តីខ្លាំងៗទៅលើ កីឡាករប៉ាក់គីអាវនោះលោកប្រធានាធិបតីDuterte បានបញ្ជាក់ថា ប្រសិនបើតំណាងរាស្ត្រ ប៉ាក់គីអាវ បានចង្អុលឬបញ្ជាក់ច្បាស់ពីបុគ្គលពុករលួយ មានន័យថា គាត់បានលេងល្បែងនយោបាយ ហើយសន្យាថានឹងធ្វើសកម្មភាពប្រឆាំងមន្ត្រីរូបណាដែលបំពានច្បាប់។
បច្ចុប្បន្ន មិនទាន់ដឹងថាមន្ត្រីរូបណាដែលប្រធានាធិបតី ហ្វុីលីពីន ជំរុញឲ្យតំណាងរាស្ត្រ ប៉ាក់គីអាវលាតត្រដាង ហើយមូលហេតុអ្វីដែលប្រធានាធិបតីDuterte ត្រូវធ្វើដូច្នេះ។
ការលើកឡើងខាងលើរបស់ប្រធានាធិបតី Duterte ក្នុងពេលដែលលោកនិងតំណាងរាស្ត្រប៉ាក់គីអាវ ប្រឈមមុខតានតឹងដាក់គ្នារយៈពេលកន្លងមក ។ តាំងពីដើមមក តំណាងរាស្ត្រប៉ាក់គីអាវ តែងតែគាំទ្រនយោបាយដឹកនាំ របស់ប្រធានាធិបតី Duterte ហើយក៏ជាបុគ្គលលេចធ្លោជាងគេ សម្រាប់តំណែងប្រធានាធិបតី ជំនួសលោកDuterte ក្នុងពេលបោះឆ្នោតខាងមុខផងដែរ៕
ដោយ៖ ធីរីណា(រូបភាព៖Inquirer.)