ភ្នំពេញ ៖ នារីវ័យក្មេង២នាក់បងប្អូនបង្កើតបានបាត់បង់ជីវិតជាបន្តបន្ទាប់ សង្ស័យពុលស្រា បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីវេលាម៉ោង៣ និង១៥នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២១ស្ថិតនៅលំនៅឋានគ្រួសារសព ក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នារីរងគ្រោះដែលស្លាប់មានទី១-ឈ្មោះ អ៊ុយ ស្រីម៉ៅ អាយុ២១ឆ្នាំ និងទី២-ឈ្មោះ អ៊ុយ ស្រីដា អាយុ១៩ឆ្នាំ អ្នកទាំង២ជាបងប្អូនបង្កើតនឹងគ្នា ស្នាក់នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយបម្រើការងារនៅភោជនីយដ្ឋាន អ័រគីដេ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តាមការបំភ្លឺពីម្ដាយនារីរងគ្រោះទាំង២ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ អ៊ុយ ស្រីម៉ៅបានជិះម៉ូតូទៅបំពេញការងារនៅភោជនីដ្ឋាន អ័រគីដេក្នុងសង្កាត់ព្រែកព្នៅ។ លុះដល់ម៉ោង៤រសៀលក៏បានត្រឡប់មកផ្ទះវិញ ប្រាប់ថាអស់កម្លាំងមិនស្រួលក្នុងខ្លួនសោះ ដោយក្អួតរហូត ទើបបងប្រុសបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ។ដោយឡែកប្រភពមួយទៀតប្រាប់ថា មាននារី៤នាក់ឯណោះដែលបានពុលស្រា តែមិនដឹងលទ្ធផល២នាក់ទៀតយ៉ាងណានោះទេ ។
ប្រភពពីម្តាយនារីរងគ្រោះបានបន្តថា ចំណែក អ៊ុយ ស្រីដា ក៏បានជិះឡំប្រឺតាមកផ្ទះដែរ និងមានសភាពដូចគ្នា រួចក៏បានបញ្ជូនទៅសង្គ្រោះ តែអកុសលកូនរបស់គាត់ទាំង២បានផុតដង្ហើមជាបន្តបន្ទាប់ ទោះបីក្រុមគ្រូពេទ្យខិតខំសង្គ្រោះបន្ទាន់យ៉ាងណាក៏ដោយ ។ មុនសង្គ្រោះ គ្រូពេទ្យក៏បានធ្វើតេស្តបឋមរកជំងឺកូវីដ-១៩ដែរ តែជាលទ្ធផលអវិជ្ជមាន ទើបយកទៅសង្រ្គោះ ហើយគ្រូពេទ្យនិយាយថា កូនរបស់គាត់ពុលស្រាស្ថិតក្នុងសភាពធ្ងន់ធ្ងរដែលមិនអាចសង្គ្រោះបាន ។
បច្ចុប្បន្នសពកូនស្រីរបស់គាត់ទាំងពីរ បានយកមកផ្ទះរង់ចាំសមត្ថកិច្ចធ្វើកោសល្យវិច័យ ស្រាវជ្រាវនិងពិនិត្យបន្ថែម មុននឹងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ចន្ទ លីហ្សា