ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពីបទប្រើហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ០១នាក់ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២១ ពីបទប្រើហិង្សាដោយចេតនា បណ្តាលជនរងគ្រោះបែកក្បាលដេរ១១ថ្នេរ ។

ជនរងគ្រោះឈ្មោះ ខាន ខា ហៅចំរើន ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិបត់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ ។

ចំណែកជនដៃដល់ឈ្មោះ នួន ដារ៉ា ហៅណង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ។

លោក សែស វិបុល អធិការស្រុកអូរជ្រៅបញ្ជាក់ថា៖នៅមុនពេលកើតហេតុ វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះអង្គុយហូបបាយក្រោមផ្ទះម្នាក់ឯង ពេលដែលកំពុងតែឱនដួសបាយដាក់ចាន ស្រាប់តែជនសង្ស័យកាន់ដែកជ្រុងដើរសំដៅទៅវាយត្រូវចំក្បាលដេរ១១ថ្នេរនិងត្រូវចំដៃ ដោយមិនដឹងមូលហេតុ ក្រោយពីបង្កហេតុជនសង្ស័យរួចរត់គេចខ្លួន ។

លោកអធិការបានបន្តថា៖ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍ឃុំសំរោង បានស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិកូនត្រី ឃុំសំរោង យកមកសួរនាំនៅនគរបាលប៉ុស្តិ៍។

តាមសំដីជនរងគ្រោះបាននិយាយថា ខ្លួននិងជនដៃដល់ពុំដែលមានគំនុំអ្វីនឹងគ្នានោះឡើយ ។ចំណែកជនដៃដល់បានឆ្លើយថា មូលហេតុដែលគេវាយទៅលើជនរងគ្រោះក៏ព្រោះតែមានក្មេងៗ    នៅភូមិពន្លេច ឃុំសំរោង (មិនស្គាល់ឈ្មោះ)បានខលប្រាប់ខ្លួនថា ឈ្មោះរើននេះមានបំណងចង់មកវាយខ្លួនច្រើនលើកច្រើនសារ គ្រាន់តែលឺដូច្នោះខ្លួនខឹងក៏ដើរឆ្លងស្ពានកាន់ដែកបំពង់ទីប៤ជ្រុង មកវាយឈ្មោះរើនត្រូវចំក្បាលពីក្រោយដែលកំពុងតែដួសបាយដាក់ចានហូបតែម្តង ។

ករណីនេះលោក ព្រហ្ម ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា៖ផ្អែកតាមបណ្តឹងជនរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ នួន ដារ៉ា ហៅណង នេះ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី២៩ខែមិថុនា ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ ៕

ដោយ ៖ វណ្ណា

 


ចែករំលែក៖