ជាការតបតទៅនឹងការចោទប្រកាន់ពីបទសម្លាប់រង្គាលរបស់អាមេរិក និងប្រទេសលោកខាងលិច ពេលនេះចិនក៏បានស្នើឲ្យបើកការស្រាវជ្រាវពីបទប្រល័យពូជសាសន៍ទៅលើសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផងដែរ។
នៅក្នុងសុន្ទរកថាកាលពីថ្ងៃទី ២៨ខែមិថុនា នៅក្នុងកិច្ចប្រជុំស្តីពីការរើសអើងជាតិសាសន៍ទប់ស្កាត់ការសម្លាប់រង្គាល ប្រល័យពូជសាសន៍ ដែលជាកិច្ចប្រជុំលើកទី ៤៧ នៅទីក្រុងហ្សឺណែវ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ។ ប្រធានគណៈប្រតិភូចិនបានលើកឡើងថា អាមេរិក និងកាណាដា ព្រមទាំងប្រទេសលោកខាងលិចបានបំពានច្បាប់ប្រល័យពូជសាសន៍ ហើយអំពាវនាវដល់សហគមន៍អន្តរជាតិបើកការស្រាវជ្រាវជាទ្រង់ទ្រាយធំ។
មន្ត្រីចិនបានលើកឡើងថា អាមេរិកនឹងត្រូវទទួលខុសត្រូវចំពោះការបណ្តេញ និងសម្លាប់ជនជាតិស្បែកក្រហម ក្នុងបដិវត្តន៍ទិសខាងលិច កាលពីសតវត្សរ៍ទី២០។ ជាមួយគ្នានោះ កាណាដាបានបង្ខំឲ្យកុមារជនជាតិដើមទៅកាន់សាលាអន្តេវាសិក ដើម្បីបម្លែងឲ្យបាត់បង់ជនជាតិដើម ។
ចំណែកបណ្តាប្រទេសលោកខាងលិច ក៏បានបំពានច្បាប់សម្លាប់រង្គាលផងដែរពេលធ្វើអាណានិគមឈ្លានពានប្រទេសផ្សេង ហើយបានសម្លាប់មនុស្សជាច្រើន។
សកម្មភាពខាងលើកើតឡើង ក្រោយពេលអាមេរិកនិងបណ្តាប្រទេសលោកខាងលិច ចោទប្រកាន់ចិនប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិអ៊ូហ្គ័រ នៅតំបន់ស៊ីជាំង ៕
ដោយ៖ ធីរីណា(រូបភាព៖CCTV)