ព័ត៌មានទាន់ហេតុការណ៍៖

ស្តេចចុងក្រោយបង្អស់នៅក្នុងទ្វីបអាហ្វ្រិករត់ចោលប្រទេស ដោយសារបាតុកម្ម

ចែករំលែក៖

ស្តេច Mswati III ដែលកាន់អំណាចដឹកនាំប្រទេស Eswatini តាំងពីឆ្នាំ១៩៨៦មក បានភៀសព្រះកាយចេញពីប្រទេស ក្រោយពេលមានបាតុកម្មគាំទ្រប្រជាធិបតេយ្យក្លាយទៅជាអំពើហិង្សា ។
ក្រុមបាតុករបានដុតបំផ្លាញហាងលក់ទំនិញជាច្រើននៅក្នុងស្រុក Matsapha នៅកណ្តាលទីក្រុង Eswatini ។ កម្លាំងប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករដែលទាមទារប្រជាធិបតេយ្យ នៅក្នុងប្រទេសដែលដឹកនាំគ្រប់គ្រងដោយស្តេច ។ តាំងពីដើមមកប្រទេសនេះហាមប្រាមបង្កើតគណបក្សនយោបាយ។
កាលពីថ្ងៃទី២៤ខែមិថុនា រដ្ឋាភិបាលបានហាមប្រាមពលរដ្ឋធ្វើបាតុកម្ម ។ ស្នងការប៉ូលិសជាតិ លោក William Dlamini បានព្រមានថា កម្លាំងសន្តិសុខនឹងមិនលើកលែងដល់សកម្មភាពល្មើសច្បាប់ទាំងឡាយណារបស់ពលរដ្ឋនោះទេ។
មូលហេតុបណ្តាលឲ្យមានមហាបាតុកម្មកើតឡើងទាមទារបញ្ចប់ការដឹកនាំដោយស្តេច គឺ ដោយសារតែជីវិតរស់នៅហុឺហារបស់ស្តេច Mswati III ក្នុងពេលដែលពលរដ្ឋរស់នៅក្នុងភាពក្រីក្រអត់អាហារបរិភោគ។
កាលពីឆ្នាំ២០១៩ ប្រទេសនេះធ្លាប់ប្រឈមនឹងការធ្វើបាតុកម្មម្តងរួចមកហើយ ក្រោយពលរដ្ឋចោទប្រកាន់ថា ស្តេច Mswati បានដកយកប្រាក់ជាតិដើម្បីបម្រើការរស់នៅក្នុងជីវិតដ៏សុីវិល័យផ្ទាល់ខ្លួន ។ ស្តេច Mswati មានមហេសីដល់ទៅ១៥នាក់ គឺមានតិចនៅឡើយទេបើប្រៀបធៀបនឹងស្តេចអង្គមុនដែលមានមហេសីដល់ទៅ ១២៥នាក់ ។
ប្រទេស Eswatini ពីមុនមានឈ្មោះថា Swaziland ជាប្រទេសតែមួយគត់នៅទ្វីបអាហ្វ្រិក ស្ថិតនៅក្រោមការដឹកនាំរបស់ស្តេច ។ ស្តេច Mswati បានឡើងសោយរាជ្យដឹកនាំប្រទេសតាំងពីមានព្រះជន្ម១៨វស្សា ក្នុងឆ្នាំ១៩៨៦។ ស្តេចក្នុងប្រទេសដែលមានពលរដ្ឋ ១,៣លាននាក់ គឺគ្រប់គ្រងទាំងរដ្ឋាភិបាលនិងរដ្ឋសភា និងបណ្តារដ្ឋមន្ត្រីនៅក្នុងប្រទេសនេះ៕ដោយ៖ធីរីណា


ចែករំលែក៖