ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនព័ត៌មាន របស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនជនបរទេស !

ចែករំលែក៖

ប្រទេសវៀតណាម៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំវៀតណាម សូមជម្រាបជូននិស្សិត សិក្ខាកាម យោធា-នគរបាល និងប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅវៀតណាម មេត្តាជ្រាបថា យោងតាមសារព័ត៌មាន Tuoi Tre News ចេញផ្សាយថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានដកស្រង់ពាក្យសម្តីរបស់អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាម ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូចតទៅ៖

ជនបរទេសកំពុងរស់នៅ សិក្សា និងធ្វើការងារនៅវៀតណាម នឹងទទួលបានលក្ខខណ្ឌអនុគ្រោះ សម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅពេលដែលវៀតណាម ទទួលវ៉ាក់សាំងច្រើនបន្ថែមទៀត។ 

– រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ និងគាំទ្រជនបរទេសទាំងអស់ ដែលរស់នៅ សិក្សា និងធ្វើ ការនៅវៀតណាមដោយគ្មានការរើសអើងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

→ ក្រសួងការបរទេស និងក្រសួងសុខាភិបាលវៀតណាម កំពុងសិក្សាការធ្វើវិសោធនកម្មគោលនយោ បាយអន្តោប្រវេសន៍ និងវិធានការសុខាភិបាល សម្រាប់អ្នកដំណើរបរទេសអាចចូលវៀតណាម ដោយត្រូវមានវិញ្ញាបនប័ត្រវ៉ាក់សាំង ឬលិខិតឆ្លងដែនវ៉ាក់សាំង ព្រមទាំងពិនិត្យលើការកាត់បន្ថយ រយៈពេលធ្វើចត្តាឡីស័ក និងចំនួនធ្វើតេស្តីកូវីដ-១៩ សម្រាប់អ្នកចាក់វ៉ាក់សាំងរួច។

– កន្លងមក រដ្ឋាភិបាលវៀតណាម បានចាក់វ៉ាក់សាំងជូនមន្ត្រីការទូតបរទេស មន្ត្រីអង្គការអន្តរជាតិ នានា និងសមាជិកគ្រួសារ ចំនួន ៦០០នាក់ជាង ដែលកំពុងបំពេញការងារនៅវៀតណាម។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមនិស្សិត សិក្ខាកាមយោធា-នគរបាល និងប្រជាពលរដ្ឋ ខ្មែរកំពុងមានវត្តមាននៅវៀតណាម មេត្តាជ្រាបជាព័ត៌មាន។ ទន្ទឹមនេះ សូមបងប្អូនមេត្តាបន្តថែរក្សា សុខភាពឱ្យបានល្អ រក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស រក្សាអនាម័យ និងអនុវត្តតាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩៕ 

ដោយ៖ សុខ ខេមរា


ចែករំលែក៖