ភ្នំពេញ៖ បេីតាមការថ្លែងរបស់លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះថា៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលមានកម្ពស់១១ជាន់ ១៣២បន្ទប់ ទំហំ២៨,៩០០ម៉ែត្រការ៉េ លើផ្ទៃដីសរុប១៣,៧៤០ម៉ែត្រការ៉េ ដោយចំណាយថវិកា ប្រមាណ៨១លានដុល្លារ ក្រោមជំនួយឥតសំណងរបស់មិត្ដចិន ដែលនឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅឆ្នាំ២០២២ខាងមុខនេះ គ្រោងនឹងដាក់ដំណើរការសាកល្បងនៅខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។
ជាក់ស្ដែងក្នុងឱកាសចុះពិនិត្យការសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោករដ្ឋមន្ដ្រី បានថ្លែងបន្ដថា ទោះជាក្នុងបរិបទរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ក្រោមចំណងមិត្ដភាពដែកថែប ចិននៅតែពន្លឿនការងារសាងសង់មន្ទីរពេទ្យនេះយ៉ាងរលូន។
លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា «មុនចូលឆ្នាំចិន ឆ្នាំ២០២២ខាងមុខនេះ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នឹងសាងសង់រួចរាល់ ហើយនឹងប្រគល់ជូនមកយើង ដើម្បីដាក់បម្រើសេវាពិនិត្យព្យាបាលជំងឺទូទៅ និងឆ្លងផ្សេងៗ ដែលជាឱកាសមួយដ៏ល្អ សម្រាប់ថែទាំសុខភាពប្រជាពលរដ្ឋយើង»។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលជាមិត្ដដែកថែប បានខិតខំប្រឹងប្រែងពន្លឿនការងារមួយចំនួន ដើម្បីឱ្យដំណើរការសាងសង់មន្ទីរពេទ្យនេះបានយ៉ាងលឿនរហ័ស ហើយអាចនឹងបញ្ចប់ជាសា្ថពរ មុនផែនការបានគ្រោងទុកផងដែរ។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានលើកឡើងផងដែរថា សម្ធិផលនានាកន្លងមកនេះរបស់វិស័យសុខាភិបាល រួមទាំងអគារថ្មីនេះ គឺក្រោមការផ្ដល់អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលតែងតែលើកទឹកចិត្ដដល់មន្ដ្រីសុខាភិបាល នៅទូទាំងប្រទេស មានភាពកក់ក្ដៅ ។ក្រោមការជំរុញលើកទឹកចិត្ដរបស់ សម្ដេចតេជោ មន្ដ្រីសុខាភិបាលទាំងអស់ នឹងបន្ដខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរ។
សូមជម្រាបថា ក្រោមជំនួយរបស់រដ្ឋាភិបាលចិន មន្ទីរពេទ្យព្រះកុសមៈ នឹងផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងឆាប់រហ័ស ជាមួយនឹងការប្តូរឈ្មោះទៅជា «មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ» នាពេលខាងមុខនេះ។ គម្រោងដែលចុះហត្ថលេខា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ មន្ទីរពេទ្យនេះនឹងត្រូវសាងសង់អគារវេជ្ជសាស្រ្តថ្មី ដែលមានទំហំធំជាងមុន ជាមួយនឹងការបំពាក់គ្រឿងបរិក្ខាទំនើប ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្សកាន់តែជំនាញ និងមានគុណភាពថែមទៀត ក្រោមជំនួយរបស់រដ្ឋាភិបាលចិន ប្រមាណ៥៥០លានយ័ន (ប្រហែលនឹង៨១លានដុល្លារអាមេរិក)។
គួរបញ្ជាក់ថា អគារនេះ ក៏មានសាងសង់មានព្រលានយន្ដហោះ Helicopter ទម្ងន់មធ្យមពី៣ ទៅ៥តោននៅលើដំបូលអគារ ស្របតាមការស្នើសុំបន្ថែមពីភាគីកម្ពុជា ហើយអគារនេះ ត្រូវចែកចេញជាផ្នែកសម្រាប់មុខងារមួយចំនួនដូចជា៖ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ដ្រ ផ្នែកជំងឺទូទៅ ផ្នែកជំងឺវះកាត់ព្រមទាំងសេវា ជំនួយផ្សេងៗទៀត៕
ដោយ៖ សហការី