ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​សុខាភិបាល​សិង្ហបុរី៖ វ៉ាក់សាំងមិនអាចការពារពីការឆ្លងកូវីដ-១៩ ទាំងស្រុងទេ, ប៉ុន្តែ​វាជាអាចជួយការពារជីវិតបានខ្ពស់បំផុត!

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១​នេះ​ បានដកស្រង់ចេញផ្សាយពី​ទិន្នន័យពីក្រសួងសុខាភិបាលនៃប្រទេសសិង្ហបុរី ដោយបង្ហាញថា ខណៈវ៉ាក់សាំងមិនអាចការពារបានទាំងស្រុង ពីការឆ្លងជំងឺ COVID-19 ក៏ដោយ តែវាអាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរ នៃរោគសញ្ញារបស់អ្នកជំងឺ។ជាក់ស្ដែង​ទិន្នន័យរបស់ក្រសួងសុខាភិបាលសិង្ហបុរី​ បានបញ្ជាក់បន្ថែមថា​ គិតត្រឹមថ្ងៃអង្គារទី២៩​ ខែមិថុនា​នេះ​ ក្នុងចំណោមករណីឆ្លង COVID-19 ក្នុងសហគមន៍ចំនួន ៦១០ករណី ដែលត្រូវបានរាយការណ៍នៅសិង្ហបុរី គិតចាប់តាំងពីថ្ងៃទី២៨ ខែមេសាមក ដោយពួកគេសុទ្ធតែមិនទាន់បានចាក់ វ៉ាក់សាំងសូម្បីតែមួយដូស ៩.២ភាគរយក្នុងចំណោមពួកគេបានចេញ «រោគសញ្ញាធ្ងន់ធ្ងរ» ដោយត្រូវការជំនួយឧស្ម័នអុកសីហ្សែន ឬក៏ត្រូវបញ្ជូនទៅកាន់បន្ទប់សង្រ្គោះបន្ទាន់ ហើយមិនតែប៉ុណ្ណោះអ្នកជំងឺ ០៦នាក់បានស្លាប់។

ដោយឡែក​ផ្ទុយទៅវិញ ពុំមានអ្នកជំងឺណាម្នាក់បាត់បង់ជីវិតឡើយ ក្នុងចំណោមក្រុមអ្នកឆ្លង COVID-19 ចំនួន ២៨៩នាក់ផ្សេងទៀត ដែលបានចាក់វ៉ាក់សាំង យ៉ាងហោចណាស់មួយដូស ឬក៏ពីរដូស។ ចំណែកអត្រានៃអ្នកចេញរោគសញ្ញាក្នុងសភាពធ្ងន់ ក៏ទាបជាងដែរ គឺ ៧.៣ភាគរយនៃអ្នកជំងឺទាំងនោះ ដែលបានចាក់ ១ដូស ត្រូវការជំនួយអុកស៉ីហ្សែន ឬចូលបន្ទប់សង្រ្គោះបន្ទាន់ ខណៈអ្នកដែលបានចាក់គ្រប់ដូស គឺមានតែ ១ភាគរយប៉ុណ្ណោះ ដែលត្រូវការអុកសីហ្សែន។

បច្ចុប្បន្ន​ប្រទេស​សិង្ហបុរី​ មានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៦២,៥៦៣នាក់ ក្នុងនោះមានអ្នកស្លាប់ ៣៦នាក់ និងជាសះស្បើយ ៦២,២១២នាក់​ គិត​រហូត​មកទល់ពេលនេះ។

គួរបញ្ជាក់ថា​ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង សិង្ហបុរីសម្រេចបានជាង ៥លានដូស ដោយប្រជាជនជាង ២លាននាក់ ក្នុងចំណោមប្រជាជនសរុប ៥.៧លាននាក់របស់ខ្លួនបានចាក់គ្រប់ដូស៕

ដោយ៖ សហការី

 


ចែករំលែក៖