ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានបញ្ជាក់ថា នៅថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភំ្នពេញ សហការជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ និងមន្រ្តីមន្ទីរពាណិជ្ជកម្ម រាជធានីភំ្នពេញ ចុះផ្សព្វផ្សាយ និងត្រួតពិនិត្យ ការដាក់លក់ឧបករណ៌សំរាប់ធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ-១៩។
មន្រ្តីជំនាញសាខា ក.ប.ប. បន្តថា យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលមិនអនុញ្ញាតឱ្យប្រើប្រាស និងដាក់លក់ឧបករណ៌សំរាប់ធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ-១៩ លើទីផ្សារទេ នៅតាមឱសថស្ថានដែលមានទីតាំងស្ថិតនៅម្តុំផ្សារអូឡាំពិក និងផ្សារតាប៉ាង ដែលមានឱសថស្ថានចំនួន ៨៦ក្នុងខណ្ឌចំនួន ០៣ ក្នុងនោះមានខណ្ឌបឹងកេងកង ខណ្ឌ៧មករា និងខណ្ឌដូនពេញ។
គួរបញ្ជាក់ថា ក្រោយប្រតិបត្តការចប់ជាលទ្ធផល ឱសថស្ថានទាំងអស់នោះ ពុំមានដាក់លក់ និងពុំដែលធ្លាប់មានលក់ឧបករណ៍តេស្តរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ឡើយ និងបានណែនាំឱសថស្ថានទាំង ៨៦ទីតាំង មិនឲ្យមានការដាក់លក់ បើមិនមានការអនុញ្ញាត និងទទួលស្គាល់ពីក្រសួងសុខាភិបាល៕ដោយ៖សហការី