ខេត្តកំពង់ចាម ៖ អគ្គិភ័យឆេះស្ថានីយ៍លក់ប្រេងឥន្ធនៈមួយកន្លែងបណ្តាលឲ្យមនុស្ស ម្នាក់ស្លាប់ត្រូវជាកូនម្ចាស់ផ្ទះ ព្រោះចូលទៅយកទ្រព្យសម្បត្តិពេលកំពុងភ្លើងឆេះយ៉ាងខ្លាំង ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៦និង៤៥យប់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
មន្ត្រីនគរបាលស្រុកចំការលើ បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ជឹម រីន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិជាតិខ្មែរ រស់នៅភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ហើយនៅក្នុងហេតុការណ៍នេះបណ្តាលឲ្យមនុស្ស ម្នាក់ស្លាប់មានឈ្មោះ អឿន រដ្ឋា ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ (កូនម្ចាស់ផ្ទះ) (មូលហេតុបណ្តាលឲ្យស្លាប់ ដោយសារជនរងគ្រោះចូលយកទ្រព្យសម្បត្តិក្នុងផ្ទះ) ។
ក្រោយពីទទួលព័ត៌មាន លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាដឹកនាំកម្លាំងជំនាញរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកចំការលើចំនួន ០១គ្រឿង រថយន្តពន្លត់អគ្គិភ័យ ការិយាល័យនគរបាលខេត្តចំនួន០៣គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចំនួន០២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀមចំនួន០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរចំនួន០១គ្រឿងចុះទៅជួយអន្ដរាគមន៍បាញ់ពន្លត់ភ្លើងផងដែរ ។
មន្ត្រីនគរបាលរូបនោះបានបញ្ជាក់បន្ថែមទៀតថា សម្ភារខូចខាតរួមាន ស្ថានីយ៍ប្រេង និងផ្ទះស្នាក់នៅសង់អំពីឈើប្រក់ក្បឿងជញ្ជាំងក្ដារ ទំហំ ៧ម៉ត្រ គុណ ៩ម៉ែត្រ (ឆេះអស់១០០%) រថយន្ត ម៉ាកឡិចស៊ីស ៣៣០ ចំនួន០១គ្រឿង ម៉ូតូ សេ១២៥ ០១គ្រឿង ប្រាក់មួយចំនួនទៀត ចំពោះមូលហេតុគឺ ឆ្លងចរន្តអគ្គិសនី (បាញ់ប្រេងបញ្ចូលកានបណ្តាលឲ្យផ្ទុះឆេះ) ។
ក្នុងកិច្ចប្រតិបត្តិការណ៍នេះសមត្ថកិច្ចយើងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ០៨គ្រឿង ប្រើប្រាស់អស់ទឹក ០៩ រថយន្ត នៅក្នុងប្រតិបត្តិការនេះដែរក្រុមការងារពន្លត់អគ្គិភ័យបានបាញ់រលត់អស់១០០% នៅម៉ោង៨និង៤០នាទីយប់ថ្ងៃដដែល ៕
ដោយ៖ ជ្រោយពេជ្រ