ព័ត៌មានទាន់ហេតុការណ៍៖

លិចស្រឡាងនៅឥណ្ឌូនេស៊ី ស្លាប់៦នាក់ និងបាត់ខ្លួនជាច្រើន

ចែករំលែក៖

នៅថ្ងៃទី២៩ខែមិថុនា មន្ត្រីឥណ្ឌូនេស៊ី បានប្រកាសថា មានករណីលិចស្រឡាងដឹកអ្នកដំណើរនៅតំបន់សមុទ្រកោះបាលី បណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ និងបាត់ខ្លួនជាច្រើននាក់។

តាមសារព័ត៌មាន AP បានផ្សាយថា ស្រឡាង KMP Yunicee ដឹកអ្នកដំណើរ៥៣នាក់បានជួបគ្រោះថ្នាក់ពេលត្រៀមចូលចតនៅកំពង់ផែភាគខាងកើតកោះជ្វា ក្នុងដំណើរឆ្ពោះទៅកាន់កោះបាលី។ កម្លាំងជួយសង្គ្រោះបានសង្គ្រោះមនុស្ស ៤៤នាក់ និងស្លាប់៦នាក់ ជាមួយគ្នានេះនៅមានមនុស្ស៣នាក់បាត់ខ្លួននៅឡើយទេ ។

ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះថ្នាក់ខាងលើ អ្នកនាំពាក្យក្រសួងចរាចរណ៍ដឹកជញ្ជូនឥណ្ឌូនេស៊ី លោក Adita Irawati បានប្រកាសថា សកម្មភាពជួយសង្គ្រោះគឺជាអាទិភាព ដើម្បីជួយដល់អ្នកដំណើររងគ្រោះ ។ មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់កើតឡើងនេះនៅមិនទាន់ដឹងនៅឡើយទេ។
គ្រោះថ្នាក់តែងតែកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសារតែតំបន់ជាច្រើនប្រើប្រាស់ស្រឡាងនិងទូកមិនមានគុណភាព ក៏ដូចជាគោរពទៅតាមច្បាប់សុវត្ថិភាពសម្រាប់ដឹកអ្នកដំណើរ ។
កាលពីឆ្នាំ ២០១៩ ក៏មានហេតុការណ៍គ្រោះថ្នាក់លិចទូកសម្លាប់មនុស្ស២១នាក់ ដោយសារតែស្រឡាងដឹកមនុស្សលើសចំណុះបណ្តាលឲ្យក្រឡាប់លិចនៅជិតកោះជ្វា ។ កាលពីមួយឆ្នាំមុន ក៏មានហេតុការណ៍លិចស្រឡាងនៅជិតកោះស៊ូម៉ាត្រា បណ្តាលឲ្យមានមនុស្ស១៦០នាក់ស្លាប់៕ដោយ៖ ធីរីណា

រូបភាព៖Anadolu Agency


ចែករំលែក៖