ភ្នំពេញ៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ ដោយឡែកវិស័យធនធានទឹក និងឧតុនិយម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងក្រោមការចង្អុលបង្ហាញ និងដឹកនាំដោយផ្ទាល់របស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់។ ជាក់ស្តែងទំនប់អាងស្តុកទឹក សំណង់ការពារទឹក ប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធប្រឡាយជាច្រើនកន្លែងនៅទូទាំងប្រទេស ត្រូវបានសាងសង់ និងជួសជុលស្តារឡើងវិញ ដើម្បីបំពេញសេចក្តីត្រូវការប្រើប្រាស់ទឹកលើគ្រប់វិស័យ និងផ្តល់ក្តីសង្ឃឹមជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។ជាការឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងខាងលើ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានសម្តែងនូវទឹកចិត្តសោមនស្សសប្បាយរីករាយ និងគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងធនធានទឹក និងឧតុនិយម ដែលបានផ្តល់ជូននូវសមិទ្ធផលថ្មីមួយបន្ថែមទៀត គឺសំណង់ស្ទាក់ទឹកព្រែកជីក។
ប្រវត្តិ និងសារៈប្រយោជន៍នៃសមិទ្ធផលថ្មី៖ ព្រែកជីក ត្រូវបានទទួលនូវរបបទឹកពីប្រភពទន្លេមេគង្គនៅរដូវទឹកឡើង និងមួយផ្នែកទៀតពីផ្ទៃរងទឹកភ្លៀងនៅក្នុងតំបន់ ដោយនាពេលកន្លងមកបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ តែងតែជួបនូវកង្វះទឹកប្រើប្រាស់ដោយសារពុំមានសំណង់រឹងមាំសម្រាប់ស្ទាក់ទឹកទុកបានគ្រប់គ្រាន់ដេីម្បីបម្រើឲ្យការងារបង្កបង្កើនផលកសិកម្ម និងធ្វើឲ្យទិន្នផលស្រូវមានការថយចុះ បណ្តាលឲ្យបងប្អូនប្រជាកសិករ ជួបប្រទះនូវការខ្វះខាតស្បៀង។ តាមរយៈសមិទ្ធផលថ្មី គឺសំណង់ស្ទាក់ទឹកព្រែកជីក ស្ថិតនៅក្នុងភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានសាងសង់ឡើងអាចរក្សាទឹកទុកបានគ្រប់គ្រាន់ សម្រាប់បម្រើដល់បងប្អូនប្រជាកសិករចំនួន ១០ភូមិ (២០១១គ្រួសារ) ដែលបង្កើនផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សា១២០ហិកតា ស្រូវរដូវប្រាំង៤៥ហិកតា និងដំណាំរួមផ្សំ៨៨៧ហិកតា និងមួយផ្នែកទៀតនៃប្រជាកសិករនៅឃុំជីរោទ៍ទី២ អាចបង្កើនលទ្ធភាពលើការដាំដុះដំណាំស្រូវ (២-៣ដង/ឆ្នាំ) ចំការនិងបន្លែតាមរដូវពីចំនួន១ដងទៅ២ដងក្នុង ១ឆ្នាំ ព្រមទាំងជាប្រភពទឹកក្នុងការប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃនៅទីនោះផងដែរ ៕
ដោយ ៖ សិលា