ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ពិនិត្យមើលកងទ័ពមួកខៀវចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១  នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកង កម្លាំងបេសកកម្មរក្សាសន្តិភាព បោសសម្អាតមីននិងកាកសំណល់សង្គ្រាម បានអញ្ជើញពិនិត្យមើលក្រុមគ្រូពេទ្យ និងក្រុមការងារកងទ័ពមួកខៀវដែលទទួលខុសត្រូវចាក់វ៉ាក់សាំងបង្ការកូវីដ១៩ជូនប្រជាពលរដ្ឋ កម្មករ- កម្មការិនី និយោជិត ចាក់វ៉ាក់សាំងដូសទី១ ក្នុងក្រុងច្បារមនខេត្តកំពង់ស្ពឺ ក្នុងវិទ្យាល័យឆាយ ឆប ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា កងទ័ពមួកខៀវគឺជាកងទ័ពដែលមានបេសកកម្មរក្សាសន្តិសុខ បោសសម្អាតមីននិងកាកសំណល់សង្គ្រាម តែក្នុងបរិបទនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩កងទ័ពមួកខៀវបានទម្លាក់ការងារជំនាញទុកមួយឡែកហើយបានដើរតួរជាកងទ័ពអាវសចុះប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩វិញម្តង។ ការចុះទប់ស្កាត់ការរីករាលដាលនេះគឺធ្វើឡើងតាមរយៈការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនបងប្អូនប្រជាពលរដ្ឋយើង ហើយការចាក់នេះគឺឡើងដោយលឿនបំផុតដើម្បីចាក់ឱ្យបានគ្រប់គ្នាដោយមិនមានការយកលុយពីបងប្អូនឡើយ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានថ្លែងអំណរគុណចំពោះកងទ័ពមួកខៀវដែលបានដើរតួរជាកងទ័ពអាវសចុះចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។

លោកអភិបាលបន្តថា ទាហានពិតជាលះបង់យ៉ាងធំធេងចំពោះជាតិមាតុភូមិ ពេលប្រទេសមានសង្គ្រាម មានបច្ចាមិត្រ គឺទាហានចេញមុខប្រយុទ្ធតតាំងគ្នាដោយចុងអាវុធមិនរាថយនិងសត្រូវដើម្បីរកភាពសុខសាន្តជូនប្រជាពលរដ្ឋ។តែនៅពេលពលរដ្ឋជួបនូវគ្រោះភ័យដោយសារតែជំងឺកូវីដដ៏កាចសាហាវ កងទ័ពក៏ប្តូរឯកសណ្ឋាននិងមិនប្រយុទ្ធដោយចុងអាវុធ មកជាទ័ពអាវសចុះប្រយុទ្ធទប់ស្កាត់ដោយចុងម្ជុលវិញម្តង។

លោក វ៉ី សំណាង បន្តថា ខេត្តកំពង់ស្ពឺគឺជាខេត្តដែលប្រឈមខ្លាំងជាមួយនិងការឆ្លងជំងឺកូវីដ-១៩ព្រោះខេត្តនេះជាបណ្តុំនៃរោងចក្រ សហគ្រាស ពលរដ្ឋជាង១៣ម៉ឺននាក់កំពុងធ្វើការក្នុងរោងចក្រ សហគ្រាសនេះ។ ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដខេត្តកំពង់ស្ពឺក៏មានការឆ្លងរាប់ពាន់នាក់ផងដែរដោយក្នុងនោះមួយ ចំនួនធំបានជាសះស្បើយនិងកំពុងបន្តព្យាបាល ហើយអ្នកពាក់ព័ន្ធរាប់ពាន់នាក់ទៀតក៏កំពុងដាក់ខ្លួនដោយឡែកធ្វើចត្តាឡីស័ក។

លោកសង្ឃឹមជឿជាក់ថា វ៉ាក់សាំងម្ជុលទីមួយនេះគឺជាយ័ន្តដ៏មានប្រសិទ្ធភាពការពារអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋគេចផុតពីការឆ្លងនៃជំងឺកូវីដ-១៩៕

ដោយ៖ សូរិយា


ចែករំលែក៖