ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមមានករណីឆ្លងកូវីដ-១៩ចំនួន៤៥០នាក់ ក្រុមគ្រូពេទ្យប្រឆាំងកូវីដ-១៩ត្រូវធ្វើការក្រោមកម្តៅថ្ងៃ៤០អង្សាសេ

ចែករំលែក៖

វៀតណាមមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្រុមគ្រូពេទ្យត្រូវធ្វើការអស់ពីសមត្ថភាពដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ អ្វីដែលគួឲ្យអាសូរបំផុតដល់ក្រុមគ្រូពេទ្យនោះគឺត្រូវស្លៀកឈុតការពារពីលើដល់ក្រោមហើយត្រូវធ្វើការក្នុងសីតុណ្ហភាពខាងក្រៅដល់ទៅ៤០អង្សាសេ។ ទាំងនោះហើយបានធ្វើឲ្យក្រុមគ្រូពេទ្យម្នាក់ៗស្ទើរតែឈានទៅមុខលែងរួច តែដោយសារកាតព្វកិច្ច គឺត្រូវតែខំដើម្បីទប់ស្កាត់ការឆ្លង ។

ក្រុមគ្រូពេទ្យនៅខេត្ត អៀង បាយ(Yen Bai) មានកម្មករ ជិត២៥០នាក់ត្រូវបញ្ជូនទៅកាន់ទីតាំងធ្វើចត្តាឡីស័ក ហើយក្រុមគ្រូពេទ្យត្រូវតែធ្វើការក្រោមកម្តៅថ្ងៃចាប់ពី ៣៩-៤០អង្សាសេ។ កម្តៅខ្លាំងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់យុទ្ធនាការទប់ស្កាត់ការឆ្លងកូវីដ-១៩ របស់ក្រុមគ្រូពេទ្យ។ ផលលំបាកទាំងនោះមិនត្រឹមតែអ្នកធ្វើការក្នុងវិស័យសុខាភិបាលទប់ស្កាត់កូវីដ- ១៩នោះទេ សូម្បីតែពលរដ្ឋក៏មើលឃើញពីផលលំបាកនោះដែរ គឺឃើញរាងកាយគ្រូពេទ្យទទឹកជោកដោយញើស…។
នៅថ្ងៃទី៣០ខែមិថុនាវៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ សរុប ៤៥០នាក់បន្ថែមទៀតក្នុងនោះនៅទីក្រុងហូជីមិញបានរកឃើញ១២៤នាក់ និងអ្នកជំងឺ ៧៦នាក់បានជាសះស្បើយ។
ដោយសារតែមានចំនួនអ្នកឆ្លង(F0)ច្រើន ក៏ដូចជាអ្នកប៉ះពាល់ផ្ទាល់(F1)មានច្រើនលើសលប់ធ្វើឲ្យទីតាំងធ្វើចត្តាឡីស័កពេញណែន ហើយតំណាងក្រសួងសុខាភិបាលកំពុងតែត្រួតពិនិត្យ ធ្វើចត្តាឡីស័កនៅក្នុងផ្ទះសម្រាប់F1។ ការធ្វើចត្តាឡីស័កនៅក្នុងផ្ទះ អាចនឹងត្រូវអនុវត្តនៅទូទាំងប្រទេសសម្រាប់អ្នកប៉ះពាល់ផ្ទាល់និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកជំងឺ។ គិតមកដល់ថ្ងៃទី៣០ខែមិថុនា វៀតណាមមានករណីឆ្លងកូវីដ-១៩សរុបជិត១៧ពាន់នាក់ និងស្លាប់៨០នាក់៕ដោយ៖ ធីរីណា

រូបភាព៖TTXVN 


ចែករំលែក៖