ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានប្រជុំត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ និងការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗក្នុងបរិបទកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមានសមាសភាពចូលរួម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយកវិទ្យាស្ថាន អគ្គនាយរង ប្រធាននាយកដ្ឋាន និងប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង ២៥។
ក្នុងកិច្ចប្រជុំនេះបានផ្តោតជាសំខាន់លើការត្រួតពិនិត្យការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ការីទេសចរណ៍ក្នុងស្រុក និងមធ្យោបាយដឹកជញ្ជូនទេសចរផ្លូវទឹក និងផ្លូវគោក នៅគ្រប់គោលដៅរាជធានីខេត្តទាំង ២៥ សំដៅបង្កើនភាពរឹងមាំនៃទេសចរក្នុងស្រុក និងសម្រាប់ត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ។
ភាពរឹងមាំនេះពឹងផ្អែកសំខាន់លើការបង្កើតភាពស៊ាំក្នុងសហគមន៍ (The Heard Immunity) តាមរយៈការជំរុញការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាទូទាំងប្រទេស និងការបន្តអនុវត្តវិធានការ «៣ការពារ ៣កុំ»។
ដោយឡែក លើជ្រុងនៃការទទួលខុសត្រូវក្នុងវិស័យទេសចរណ៍ ព្រមជាមួយនឹងភាពស៉ាំក្នុង សហគមន៍ភាពរឹងមាំនៃវិស័យទេសចរណ៍ក្នុងស្រុក ក៏ត្រូវពឹងផ្អែកលើការងារសំខាន់ៗចំនួន ៤ ផងដែរ គឺ៖
១៖ បន្តជំរុញណែនាំ និងត្រួតពិនិត្យដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ត្រូវចូលរួមអនុវត្តឱ្យបានក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ចេញកន្លងមក។ វិធានសុវត្ថិភាពទេសចរណ៍បង្កើតឡើង ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុខសុវត្ថិភាពជូនដល់ភ្ញៀវទេសចរ ជាពិសេសក្នុងបរិបទដែលតម្រូវសម្របខ្លួននឹងគន្លងប្រក្រតីភាពថ្មីនាពេលនេះ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ចំនួនអាជីវកម្មបានទទួលឡាបិលវិធានសុវត្ថិភាពទេសចរណ៍សរុប ៣,៣៥៦ ទីតាំង ស្មើនឹង ៥១.១៩% នៃអាជីវកម្មសរុប។
២៖ បន្តការងារបណ្តុះបណ្តាលជំនាញតាមអនឡាញ និងពង្រឹងបង្វែរការបណ្តុះបណ្តាលនេះឱ្យចំគោលដៅ (បណ្តុះបណ្តាលទាំងបុគ្គលិកថ្មី និងបុគ្គលិកដែលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩)។ គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ចំនួនបុគ្គលិកបានទទួលការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញមាន ៦,៤៨៩នាក់។
៣៖ បន្តការងារពង្រឹង និងគាំទ្រផលិតផលទេសចរណ៍ថ្មីៗ តាមរយៈការពង្រឹងជំនាញ និងគុណភាពសេវាកម្មនៅទីនោះ។ បច្ចុបន្ន ក្រសួងឃើញមានការប្តូរនិន្នាការថ្មីៗឆ្ពោះទៅរកប្រភេទទេសចរណ៍បែបសហគមន៍ អេកូទេសចរណ៍ និងប្រភេទសេវាកម្មដែលប្រើប្រាស់បច្ចេកវិទ្យា (contactless) ដែលក្នុងបរិការនេះ ការខិតខំគ្រប់គ្រងគោលដៅទេសចរណ៍ទាំងនេះ ប្រកបដោយសុវត្តិភាព និងគុណភាពស្របតាមស្តង់ដា ជាបញ្ហាសំខាន់បំផុត ជាអាទិស្តង់ដាសហគមន៍ទេសចរណ៍ ស្តង់ដាការធ្វើដំណើរផ្សងព្រេងតាមព្រៃភ្នំ ( Hikking,Trekking) ។ល។
៤៖ បន្តការងារផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និងបញ្ជ្រាបការយល់ដឹងជាសាធារណៈដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសគ្រប់ស្ថាប័នភាគីពាក់ព័ន្ធនូវផែនការយុទ្ធសាស្ត្រអនុវត្តបន្តរបស់វិស័យទេសចរណ៍ ដែលបច្ចុប្បន្នក្រសួងមានរួចហើយនូវផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ និងការបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ព្រមទាំងវិធានសុវត្ថិភាពទេសចរណ៍។
លោក ថោង ខុន បានថ្លែងជម្រាបជូនអង្គប្រជុំថា ក្រោយព្រឹត្តិការណ៍បិទខ្ទប់កាលពីក្នុងខែមេសាកន្លងទៅ ចលនាទេសចរក្នុងស្រុកបានងើបឡើងវិញ ទោះបីនៅទាបជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ គិតត្រឹមខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរក្នុងស្រុកសរុបជាង ២ លាននាក់ ថយចុះ ៦២.៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០៕
ដោយ ៖ សិលា