ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងនៅក្នុងខណ្ឌចំការមន

ចែករំលែក៖

   ភ្នំពេញ៖ អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន០៦ខ្នង ដែលជាប្រភេទផ្ទះឈើប្រក់ស័ង្កសីនិងជាសំណង់មិនរៀបរយ តែឧបទ្ទវហេតុនេះមិនបណ្តាលឱ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ និង១៥នាទីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចដីឡូត៍នៅតាមបណ្ដោយផ្លូវលេខ១០៥កែងផ្លូវលេខ៥០៨  ក្រុម២៥ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

   តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមាន ផ្សែងហុយខ្មួលខ្មាញ់ចេញពីផ្ទះកើតហេតុហើយបងប្អូនប្រជាពលរដ្ឋនៅម្តុំនោះបានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ដែរតែមិនរលត់ក៏រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដើម្បីឱ្យជួយទាក់ទងទៅកម្លាំងនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តជាច្រើនគ្រឿងដើម្បីជួយបាញ់ ទឹកពន្លត់។

កម្លាំងសមត្ថកិច្ចនៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយទទួលបានដំណឹងនេះភ្លាមសមត្ថកិច្ចបានចេញរថយន្តជួយតែដោយស្ថានភាពផ្លូវតូចចង្អៀតមិនអាចចូលរថយន្តបាន ត្រូវប្រើពេលយូរបន្តិច ដូច្នេះអគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋ អស់៦ខ្នងដែលជាប្រភេទសំណង់ធ្វើពីឈើប្រក់ស័ង្កសី។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មានយុវជនម្នាក់បានប្រើប្រាស់សារធាតុញៀនលើសកម្រិត ហើយមានគំនុំជាមួយយុវជនម្នាក់ទៀតជាង១ខែមកហើយបានដេញវៃគ្នា រហូតមកដល់ថ្ងៃនេះ យុវជនម្នាក់ដែលគេស្គាល់ថាឈ្មោះម៉ៅ នោះបានមកលួចដុត ហើយដៃកាន់ដាវ មិនឱ្យប្រជាពលរដ្ឋចូលពន្លត់ទាន់ពេល រួចហើយក៏រត់ចូលព្រៃបាត់ទៅ៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖