ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្ដីជូនដំណឹងស្ដីពីការអនុវត្តវិធានការចត្តាឡីស័ក

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ការអនុវត្តវិធានការចត្តាឡីស័កនៅតាមគ្រប់មូលដ្ឋាន និងលំនៅឋានដែលមានករណី ឆ្លងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។

យោង ៖ – សេចក្តីសម្រេចលេខ ០៦៣/២១ សសរ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត លិខិតលេខ ៣៥២/២១ សជណ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។

ស្ថិតក្នុងដំណាក់កាលកំពុងមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រនៃខេត្តស្ទឹងត្រែង បានកើនឡើងជាបន្តបន្ទាប់ពុំមានស្រាកស្រាន្ត និងការរកឃើញករណីវិជ្ជមាននៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃមូលដ្ឋានខេត្តកាន់តែមានសភាពស្មុគស្មាញពីអ្នកវិជ្ជមានម្នាក់ទៅអ្នកផ្សេងៗទៀត ដើម្បី ធានាការឈានឆ្ពោះទៅគ្រប់គ្រងសភាពការណ៍ដែលមានហានិភ័យខ្ពស់ និងស្ថានភាពដ៏អាក្រក់នេះបាន គណៈកម្មការប្រយុទ្ធនឹងជំងកូវីដ-១៩ខេត្ត សូមធ្វើការជូនដំណឹង និងអំពាវនាវយ៉ាងម៉ឹងម៉ាត់បំផុតដល់ ម្ចាស់ទីតាំង និងក្រុមគ្រួសារនៅតាមលំនៅឋាន ខ្នងផ្ទះ ដែលបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ហើយ កន្លងមកនេះ និងក្នុងពេលបន្តបន្ទាប់ ត្រូវចូលរួមអនុវត្តតាមវិធានការរដ្ឋបាល និងវិធានការសុខាភិបាលឲ្យ បានខ្ជាប់ខ្ជួន ទន្ទឹមនឹងនេះត្រូវ៖

១- អនុវត្តវិធានការចត្តាឡីស័កឲ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួន និងហ្មត់ចត់ចំពោះអ្នកដែលមានការ ពាក់ព័ន្ធ និងប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ទៅតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និង ការបញ្ជាក់របស់ក្រុមគ្រូពេទ្យជំនាញ។

២- ផ្អាកការចេញ-ចូល ប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកដទៃខណៈខ្លួនកំពុងធ្វើចត្តាឡីស័ក និងតាមដានសុខសភាពជាប់ជាប្រចាំ តាមការកំណត់របស់ផ្នែកជំនាញមានសមត្ថកិច្ច។

៣- ផ្តល់ព័ត៌មានឲ្យបានជាក់លាក់ច្បាស់លាស់ ចំពោះការពាក់ព័ន្ធ និងប៉ះពាល់ផ្ទាល់ជាមួយ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ដើម្បីក្រុមការងារជំនាញមានមូលដ្ឋានស្រាវជ្រាវ និងទប់ស្កាត់ទាន់ពេលវេលា។ ចំពោះបុគ្គល ឬនីតិបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល និងវិធានការសុខាភិបាលនៅជាធរមាន នឹងត្រូវអនុវត្តគោលការណ៍ពិន័យអន្តរការណ៍ តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់។ ន័យដូចបានជម្រាបជូនដំណឹងខាងលើ សូមម្ចាស់ទីតាំង និងក្រុមគ្រួសារនៅតាមលំនៅឋានខ្នងផ្ទះ ដែលបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖