ខេត្តកំពង់ស្ពឺ៖ ប្រមាណជា១សប្តាហ៍កន្លងទៅ បែកធ្លាយ ! ក្រុមហ៊ុន HLH AGRICULTURE (CAMBODIA) CO., LTD. លួចធ្វើសកម្មភាពដាក់ម៉ាស៊ីនខួងរុករកថ្មកំបោរ និងថ្មអារ ក្នុងទីតាំងសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនខាងលើ ដោយគ្មានអាជ្ញាប័ណ្ណស្រាវជ្រាវពីក្រសួងរ៉ែនិងថាមពល !
ខណ:ក្រុមហ៊ុនមានសិទ្ធិដាំដុះដំណាំកសិ-ឧស្សាហកម្ម បែរជាបន្លំដាក់ម៉ាស៊ីនខួងរុករកថ្មកំបោរ និងថ្មអារ ផ្ទុយពីការអនុញ្ញាតពីរាជរដ្ឋាភិបាល។
ជាក់ស្តែង កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១០ព្រឹក ក្រុមការងារមន្ត្រីជំនាញរដ្ឋបាល ព្រៃឈើឱរ៉ាល់ ដឹកនាំដោយប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានចុះពិនិត្យ ទីតាំងសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន HLH AGRICULTURE (CAMBODIA) CO., LTD. មានទីតាំងស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីប្រមូលយកព័ត៌មានស្ដីពីការដាំដុះដំណាំកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុន HLH AGRICULTURE (CAMBODIA) CO., LTD. និង ការរំលោភយកដីពីសំណាក់ប្រជាពលរដ្ឋក្នុងទីតាំងសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។
សូមបញ្ជាក់ថា, នៅថ្ងៃខែឆ្នាំ និងពេលវេលាដដែលក្រុមការងារបានជួបប្រទះក្រុមហ៊ុន HLH AGRICULTURE (CAMBODIA) CO., LTD. លួចធ្វើសកម្មភាពដាក់ម៉ាស៊ីនខួងរុករកថ្មកំបោរ និងថ្មអារ ក្នុងទីតាំងសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនខាងលើ។ ក្រុមការងារដឹកនាំដោយ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានធ្វើការចាប់ឃាត់គ្រឿងចក្រទាំអស់នោះយកមករក្សាទុកក្នុងទីតាំងសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងជោ ដើម្បីចងក្រង និងរៀបចំឯកសារបញ្ជូនទៅតុលាការ។
សូមរំលឹកថា ដើមឡើយក្រុមហ៊ុន HLH AGRICULTURE (CAMBODIA) CO., LTD. បានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីបង្កើតតំបន់នេះជាតំបន់សេដ្ឋកិច្ចពិសេសកសិកម្មកម្ពុជា-សឹង្ហ បុរី ចូលរួមអភិវឌ្ឍន៍វិស័យកសិកម្ម កសិ-ឧស្សាហកម្ម សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារក្រៅប្រទេស។ ផ្ទុយទៅវិញមកលួចធ្វើសកម្មភាពដាក់ម៉ាស៊ីខួងរុករកថ្មកំបោរ និងថ្មអារ ក្នុងទីតាំងសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនខាងលើ ទើបឈានដល់ការបង្ក្រាប។
អង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”នឹងបន្តតាមដានក្នុងករណីនេះបន្តទៀត ដើម្បីឱ្យបានដឹងច្បាស់ ខណ:ការបង្ក្រាបនេះស្ថិតក្នុងស្ថានភាពអាថ៌កំបាំងនៅឡើយ៕
ដោយ៖ សុខ ខេមរា