ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ២០ខ្នងក្នុងឃុំ២នៅស្រុករមាសហែកបានដួលរលំនិងរបើកដំបូលដោយសារភ្លៀងលាយខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋ២០ខ្នងត្រូវបានដួលរលំនិងរបើកដំបូលដោយសារមានភ្លៀងនិងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ តែសំណាងដែរដែលមិនមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១ស្ថិតក្នុងឃុំដូងនិងឃុំអណ្តូងពោធិ៍ ស្រុករមាសហែកខេត្តស្វាយរៀង។

  យោងតាមអាជ្ញាធរស្រុករមាសហែកបានឱ្យដឹងជាបឋមថា កាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១ផ្ទះប្រជាពលរដ្ឋ២០ខ្នងត្រូវបានដួលរលំនិងរបើកដំបូលដោយសារមានភ្លៀងនិងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង រួមមានក្នុងឃុំ ដូងចំនួន១២ខ្នង និងឃុំអណ្តូងពោធិ៍ចំនួន៨ខ្នង ខូចខាតមធ្យមចំនួន១ខ្នងនិងខូចខាតស្រាលចំនួន១៩ខ្នង។

  អាជ្ញាធរស្រុករមាសហែកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់ព្រមទាំងមានរន្ទះសូមបិទទូរស័ព្ទនិងដើរចេញកន្លែងមានលោហធាតុ ហើយប្រញាប់ប្រញាល់រត់រកទីទួលមានសុវត្ថិភាពនិងរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុតងាយស្រួលក្នុងការជួយសង្គ្រោះអាយុជីវិតរបស់បងប្អូន៕

ដោយ៖យឹម សុថាន


ចែករំលែក៖