ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនមែនជារដ្ឋក្ស័យធនទេ រាជរដ្ឋាភិបាលកម្ពុជា បានសន្សំថវិកាប្រមាណ ៣ពាន់លាន ដុល្លារសហរដ្ឋអាមេរិក ! ។ សម្តេចបានថ្លែងបែបនេះ ក្នុងការផ្សាយផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។
សូមបញ្ជាក់ថា, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនមែនជារដ្ឋក្ស័យធនទេ រាជរដ្ឋាភិបាលកម្ពុជា បានសន្សំថវិកាប្រមាណ ៣ពាន់លាន ដុល្លារសហរដ្ឋអាមេរិក ហើយថវិកានេះ រាជរដ្ឋាភិបាល បានប្រើប្រាស់ក្នុងវិស័យសង្គមរួចទៅហើយ។ ជាងនេះទៀត កម្ពុជាមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់បើកបៀវត្សប្រចាំខែជូនមន្ត្រីរាជការ មិនដូចការឃោសនាបោកប្រាស់របស់ជនអគតិ ១ក្តាប់តូចនោះទេ។
សម្តេចបានបញ្ជាក់ទៀតថា ក្នុងបរិបទកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាក្នុង ១ខែចំនួន ៤០លាន ដុល្លារសហរដ្ឋអាមេរិក ជួយដល់ពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ប្រមាណជាង ៧០មុឺនគ្រួសារ និងកម្មករដែលបាត់បង់ការងារ ដោយរដ្ឋបានចំណាយក្នុង១ខែកម្មករម្នាក់ ៤០ ដុល្លារ បូកនឹងថវិកាថៅកែរោងចក្រ ៣០ ដុល្លារទៀត បានសរុប ៧០ ដុល្លារ ព្រមទាំងកម្មករក្នុងវិស័យសណ្ឋាគារ ម្នាក់ ៤០ ដុល្លារ ក្នុង ១ខែ។
សម្តេចតេជោ ហ៊ុន សែន គឺជាថ្នាក់ដឹកនាំប្រកបដោយភាពទទួលខុសត្រូវបំផុតចំពោះប្រជាពលរដ្ឋនិងប្រទេសជាតិ ជាពិសេសសម្ដេចបានទប់ស្កាត់នូវភាពរាលដាលនៃជំងឺ covid-19 ក៏ដូចជាបានបញ្ចេញថវិកាជួយដល់ប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្នុងស្ថានភាពដ៏លំបាកនៃជំងឺ covid-19 នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់ច្រកព្រំដែនទាំងអស់ ត្រូវធ្វើតេស្តរហ័ស ហើយបើមានករណីសង្ស័យ នឹងចាំបាច់ ត្រូវធ្វើតេស្តដោយប្រើម៉ាស៊ីនធំតែម្តង។
សម្តេចបានបញ្ជាឲ្យក្រសួងសុខាភិបាល ត្រូវផ្គត់ផ្គង់តេស្តរហ័សដល់បណ្តាខេត្តនានា ឲ្យបានគ្រប់គ្រាន់ ជៀសវាងការខ្វះខាត ព្រោះបច្ចុប្បន្នយើងមាន តេស្តរហ័សចំនួន ១,១៤៤,៤៥០ នឹងចំនួន ១លានតេស្តរហ័សទៀត នឹងមកដល់នាពេលខាងមុខ ព្រមទាំង ៣សែនតេស្តកំពុងស្តុកក្នុង ឃ្លាំងយុទ្ធសាស្ត្រ ហើយ សម្ដេចតេជោ ហ៊ុន សែន ប្រកាសនៅព្រឹកថ្ងៃនេះថាមនុស្ស ៩៩៩ នាក់ទៀតត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ នេះ៕
ដោយ ៖ សិលា