ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនៅក្រុងស្វាយរៀង ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗខណ:ពួកគាត់ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅកណ្ដាលវាលស្រែដែលសង្ស័យថាជនរងគ្រោះអាចមានជំងឺខ្យល់គរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥នាទីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះប៉ែន ភារម្យ ហៅ យ៉ត អាយុ៤១ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
សមត្ថកិច្ចបានបន្តថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ថា ឃើញមានមនុស្សស្លាប់នៅកណ្ដាលវាលស្រែ នោះទើបសមត្ថកិច្ចសហការជាមួយនគរបានប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យចុះទៅពិនិត្យសព ហើយសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរមិនមែនជារឿងឃាតកម្មអ្វីនោះទេ ទើបប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
តាមអ្នកភូមិបានឱ្យដឹងថា បុរសខាងលើគឺតែងតែផឹកស្រាស្រវឹងរាល់ថ្ងៃហើយគាត់កម្រហូបបាយណាស់។មុនកើតហេតុគេឃើញបុរសនេះផឹកស្រាស្រវឹងហើយដើរទៅវាលស្រែតែម្នាក់ឯង។
លុះប្រមាណជិតមួយម៉ោងក្រោយមកទើបមានការភ្ញាក់ផ្អើលថាមានមនុស្សដេកស្លាប់នៅវាលស្រែបង្កការភ្ញាក់ផ្អើលតែម្ដង៕
ដោយ៖ យឹម សុថាន